(អាមេរិក)៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានបញ្ជាឱ្យក្រុមហ៊ុនផ្គត់ផ្គង់ iPhone ធ្វើការផលិត iPhone 13 ឱ្យបានរហូតដល់ ៩០លានគ្រឿងសម្រាប់លក់នៅចុងឆ្នាំនេះ ដែលនេះគឺជាតួលេខថ្មីមួយខ្ពស់ជាង ការចេញលក់ iPhone ជំនាន់ថ្មីមុនៗ។ នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន Digi Times នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

ជាទូទៅ ក្រុមហ៊ុន Apple បានបញ្ជាឱ្យក្រុមហ៊ុនផ្គត់ផ្គង់ធ្វើការផលិត iPhone ជំនាន់ថ្មីត្រឹមតែ ៧៥លានគ្រឿងប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំនេះ Apple បាន បញ្ជាឱ្យផលិតរហូតដល់ ៩០លានគ្រឿង ពោលគឺកើនឡើងប្រមាណ ២០ភាគរយ។

ប្រភពដែលជិតស្នីទ្ធនឹង Apple បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន Apple ក្រោមការដឹកនាំរបស់លោក Tim Cook បានជឿជាក់ថាការលក់ iPhone 13 នៅក្នុងបរិបទថ្មីនៃជំងឺកូវីដ១៩នេះ នឹងកើនឡើងខ្ពស់ជាងឆ្នាំមុនៗ ជាពិសេសគឺ iPhone 13 គឺមានលក្ខណៈពិសេសខុសពី iPhone ជំនាន់មុនៗ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone 13 ជាផ្លូវការ និងមាន ៤ម៉ូដែលផ្សេងគឺ iPhone 13 mini, iPhone 13, iPhone 13 Pro និង iPhone 13 Pro Max ព្រមទាំងអាចធ្វើការបញ្ជាទិញទុកមុនបានចាប់ពីថ្ងៃទី១៧ ខែកញ្ញា និងចេញលក់ជាផ្លូវ ការនៅថ្ងៃទី២៤ ខែកញ្ញា៕