(មែនឆេស្ទើ)៖ នេះជាការដឹកនាំក្រុមរហ្សនាម (មេឃខៀវ) ទី ៣០០ប្រកួតរបស់លោក Pep Guardiola ក្នុងការប្រកួតសន្សំពិន្ទុ ក្រុមអង់គ្លេស Manchester City បានយកឈ្នះក្រុមភ្ញៀវ RB Leipzig ក្នុងលទ្ធផល ៦-៣ ប្រចាំពូល A ជើងទី១ គ្រាដែល Paris Saint-Germain ស្មើ ១-១ Club Brugge និង Liverpool ឈ្នះក្រុម AC Milan ៣-២ ប្រចាំពូល B នៃការប្រជែងពាន UEFA Champions League 2021-22។

ប្រភពពី BBC បានឲ្យដឹងថា នេះការដឹកនាំក្រុម Man City របស់លោក Pep Guardiola លើកទី ៣០០ប្រកួតក្នុងរយៈពេល ៦ឆ្នាំមកនេះ ហើយបច្ចុប្បន្នលោកធ្វើបានល្អដោយដឹកនាំក្រុម Man City យកឈ្នះក្រុម RB Leipzig ៦-៣ រកបាន ៣ពិន្ទុក្នុងពូល A ក៏បានរកបានគ្រាប់ស៊ុត ១គ្រាប់របស់ខ្សែបម្រើតម្លៃ ១០០លានផោន Jack Grealish ផងដែរនៅនាទី៥៦ និងក្លាយជាកីឡាករអង់គ្លេស ដែលស៊ុត និងបញ្ជូនបាល់ ក្នុងជំនួបដំបូងនៅ UCL ចាប់តាំងពី Wayne Rooney កាលពីខែកញ្ញា ឆ្នាំ២០០៤។

សរុបលទ្ធផលជើងទី១ វគ្គសន្សំពិន្ទុប្រចាំពូលក្នុងនោះក្រុម Manchester City ឈរនៅកំពូលតារាងពិន្ទុបណ្តោះអាសន្នក្នុងពូល A ដែលមានក្រុម PSG និង Club Brugge រកបានតែ ១ពិន្ទុស្មើគ្នា ខណៈពូល B ក្រុមខ្លាំង Liverpool រកបាន ៣ពិន្ទុដោយមានក្រុម Atletico Madrid ស្មើ ១ពិន្ទុជាមួយក្រុម FC Porto។

នៅពេលស្ថិតនៅពូល C ក្រុមហូឡង់ Ajax ជាក្រុមចំណេញ ៤គ្រាប់ បន្ទាប់ពីឈ្នះក្រុម Sporting CP ៥-១ រកបាន ៣ពិន្ទុស្មើជាមួយក្រុម Borussia Dortmund ដែលយកឈ្នះក្រុម Besiktas ២-១ ខណៈពូល D វិញក្រុម FC Sheriff និង Real Madrid មាន ៣ពិន្ទុស្មើគ្នា បន្ទាប់ពីយកឈ្នះក្រុម Shakhtar Donetsk និងក្រុម Inter Milan ក្នុងជើងទី១ នេះ៕