(ប្រុចសែល)៖ ក្នុងការប្រកួតបើកឆាកដំបូងសម្រាប់ពានកំពូលប្រចាំទ្វីបអឺរ៉ុប (UCL) របស់ក្លិប Paris St-Germain ទល់នឹងក្លិប Club Bruges នៅវេលាម៉ោង ២៖០០នាទីព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) ក៏ក្លិបដែលមានកំពូលកីឡាករល្បីៗរបស់បារាំង បានត្រឹមស្មើគ្នាជាមួយក្លិបបែលហ្ស៉ិកប៉ុណ្ណោះ ទោះបី Messi, Mbappe និង Neymar សុទ្ធតែស្ថិតនៅក្នុងជម្រើស ១១នាក់។

តាមការផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធនេះបញ្ជាក់ថា Messi បង្ហាញខ្លួនមិនបានល្អទេសម្រាប់ការប្រកួតលើកដំបូង ចំពោះពានលំដាប់កំពូលអឺរ៉ុប។ Messi បានខិតខំយ៉ាងខ្លាំងក្នុងការព្យាយាមរកគ្រាប់បាល់ ប៉ុន្តែមិនអាចរកបានឡើយ ដោយជំនួសមកវិញ អ្នកដែលរកគ្រាប់បាល់បាន គឺកីឡាករ Ander Herrera ក្រោយការបង្កើតឱកាសពី Mbappe នៅនាទី១៥។

នៅនាទី ២៧ ស្រាប់តែកីឡាករ Hans Vanaken រកបាន ១គ្រាប់វិញសម្រាប់ក្លិប Bruges ហើយលទ្ធផលរក្សាបន្ត ១ទល់១ រហូតចប់វគ្គទី១។ ចំណែកឯ Messi វិញថែមទាំងទទួលបានកាតលឿង ដោយសារកំហុសនៅវគ្គទី២ ហើយកីឡាករ Mbappe ក៏ត្រូវប្តូរចេញនៅនាទី៥១ ខណៈ PSG មានការលំបាកក្នុងការឈ្នះម្ចាស់ផ្ទះដែលលេងពោរពេញដោយទំនុកចិត្ត និងថាមពល។

នៅតង់ទី២ មិនមានគ្រាប់បាល់កើតឡើងទៀតទេ ដែលជាលទ្ធផលនោះ ក្លិប PSG បានត្រឹមស្មើ Bruges នាថ្ងៃប្រកួតដំបូងពាន UCL មួយនេះ ដែលគេនិយាយថា ទោះបីមានកំពូលកីឡាករដូចជា Messi, Mbappe និង Neymar ក៏ដោយ។ ប្រការនេះក៏ធ្វើឲ្យ Messi ក្លាយជាកីឡាករម្នាក់ប្រៀបបីដូចជាផ្ទាំងស៉ីព ក្នុងការវាយប្រហារពីអ្នកគាំទ្រផងដែរ៕