(ណតធីងហេមសឺ)៖ ក្លិបបាល់ទាត់ Nottingham Forest របស់អង់គ្លេស បានសម្រេចចែកផ្លូវជាមួយអ្នកចាត់ការទូទៅ លោក Chris Hughton ចេញពីតំណែង បន្ទាប់ពីរងការបរាជ័យលើកទី៦ នៅក្នុងការប្រកួតចំនួន៧លើករបស់ពួកគេនៅលីគ Championship (លីគលំដាប់ទី២) ក្នុងរដូវកាលនេះ។ នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

ក្លិប Forest ដែលស្ថិតនៅបាតតារាងនោះ បានចាញ់ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតជាមួយក្រុម Middlesbrough កាលពីថ្ងៃពុធ។

«Nottingham Forest សូមបញ្ជាក់ថា លោក Chris Hughton ត្រូវបានបញ្ចប់តួនាទី ឮជាអ្នកចាត់ការក្រុមជម្រើសដំបូងហើយ»។ នេះបើតាមក្លិបបានលើកឡើង។ «លោក Steven Reid នឹងទទួលតួនាទីដឹកនាំក្រុមជម្រើសដំបូងជាបណ្តោះអាសន្ន ក្នុងនាមជាគ្រូបង្គោលស្តីទី»។

គួររំលឹកថា លោក Hughton បានមកកាន់តួនាទីដឹកនាំក្រុម Forest កាលពីខែតុលាឆ្នាំមុន ប៉ុន្មានខែបន្ទាប់ពីចាកចេញពីក្លិប Brighton & Hove Albion និងបានដឹកនាំក្រុមពីចំណាត់ថ្នាក់បាតតារាងលីគ Championship មកបញ្ចប់ត្រឹមលេខរៀងទី១៧ ក្នុងរដូវកាលដំបូងរបស់លោក នៃការដឹកនាំ៕