(ឡុងដ៍)៖ ក្រុមបាល់ទាត់ផ្នែកនារីរបស់អង់គ្លេស នឹងប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំថ្មីមួយ នៅទឹកដីកំណើតរបស់ពួកគេ ដោយនឹងចាប់ផ្តើម ក្នុងឆ្នាំ២០២២ខាងមុខ, នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្រុមបាល់ទាត់ផ្នែកនារីរបស់អង់គ្លេស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការប្រកួត នឹងត្រូវរៀបចំឡើងនៅខែកុម្ភៈ ឆ្នាំក្រោយ, ជាមួយនឹងចក្រភពអង់គ្លេស ត្រូវបានចូលរួមដោយអាល្លឺម៉ង់ និងអេស្ប៉ាញ ខណៈប្រទេសដែលប្រកួតប្រជែងទី៤ នឹងត្រូវប្រកាស ក្នុងពេលឆាប់ៗនេះ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា «ការប្រកួតប្រចាំឆ្នាំនេះ នឹងលើកស្ទួយប្រតិទិនអន្តរជាតិរបស់អង់គ្លេស និងធានាឲ្យក្រុមដែលដឹកនាំ ដោយលោកស្រី Sarina Wiegman ជួបប្រកួតជាមួយក្រុមលំដាប់ពិភពលោក ជាប្រចាំ, ដោយចាប់ផ្តើមពីការរៀបចំការប្រកួត UEFA Women's EURO នៅរដូវក្តៅឆ្នាំក្រោយ នៅលើទឹកដីកំណើត និងការប្រកួតបាល់ទាត់ FIFA Women's World Cup នៅឆ្នាំ២០២៣»៕