(សារ៉ាចា)៖ ខ្សែបម្រើ Yin Hongbo និងអ្នកចាំទី Dong Chunyu របស់ក្រុមបាល់ទាត់ជម្រើសជាតិចិន បានទទួលរងរបួសកម្រិតស្រាល ដោយសារការហ្វឹកហាត់ខ្លាំងពេក, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

កីឡាករទាំងពីរនាក់ បានខកខានការហ្វឹកហាត់ នៅខាងក្រៅប្រទេសចិន នាថ្ងៃពុធ, ជំរុំហ្វឹកហាត់នៅទីក្រុង Sharjah សហព័ន្ធអារ៉ាប់រួម, ដើម្បីត្រៀមសម្រាប់ការប្រកួតវគ្គជម្រុះ FIFA World Cup របស់ពួកគេ ដែលត្រូវប៉ះជាមួយក្រុមវៀតណាម នៅថ្ងៃទី៧ ខែតុលាខាងមុខ។

ផ្ទុយទៅវិញពួកគេទាំងពីរ បានស្នាក់នៅកន្លែងហាត់ប្រាណ ក្នុងសណ្ឋាគារ ដោយធ្វើការបណ្តុះបណ្តាល ជាមួយក្រុមវេជ្ជបណ្ឌិត។ ការហ្វឹកហាត់ខ្លាំងពេក និងការរស់នៅដ៏តឹងរ៉ឹង បានចាប់ផ្តើមធ្វើឲ្យប៉ះពាល់ដល់កីឡាករ។

បន្ទាប់ពីចិន បានចាញ់ការប្រកួត២លើកដំបូងរបស់ពួកគេ ក្នុងវគ្គជម្រុះផ្តាច់ព្រ័ត្រ World Cup ប្រចាំតំបន់អាស៊ី ក្រោមថ្វីជើងក្រុមអូស្ត្រាលី និងជប៉ុន, លោកគ្រូបង្គោល Li Tie បានប្តេជ្ញាថា នឹងធ្វើការជាមួយកីឡាកររបស់លោក ឲ្យបានល្អប្រសើរ មុនពេលប៉ះជាមួយក្រុមវៀតណាម។

«កីឡាកររបស់ខ្ញុំ នឹងមានពេលវេលាដ៏លំបាកបំផុតមួយ ដោយសារពួកគេ នឹងត្រូវហ្វឹកហាត់យ៉ាងខ្លាំង សម្រាប់រយៈពេល៣០ថ្ងៃបន្ទាប់», នេះបើតាមសម្តីលោកគ្រូបង្គោល បានលើកឡើង ក្រោយពីចាញ់ក្រុមជប៉ុន។ លោកបន្តថា «យើងត្រូវបង្កើនស្ថានភាព កាយសម្បទារបស់ពួកគេ ឲ្យបានល្អប្រសើរ មុននឹងការប្រកួតទី៣ របស់យើង (ប៉ះជាមួយវៀតណាម)»