(ប៊ឺនលី)៖ អ្នកចាត់ការក្លិប Burnley លោក Sean Dyche បានចុះហត្ថលេខាលើការបន្តកិច្ចសន្យារយៈពេល ៤ឆ្នាំទៀតជាមួយនឹងក្លិប។ នេះបើតាមការបញ្ជាក់ពីក្លិបលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

បុរសវ័យ៥០ឆ្នាំដែលបច្ចុប្បន្នជាអ្នកចាត់ការបានបម្រើការងារយូរជាងគេបំផុត ក្នុងលីគកំពូលនេះ ដោយបានចំណាយពេល ៩ឆ្នាំនៅក្លិប Burnley និងបានរក្សាក្លិបឲ្យលេងនៅលីគ Premier League សម្រាប់ ៥រដូវកាលចុងក្រោយ។

លោក Ian Woan ជំនួយការលោក Dyche ក៏បានបន្តកិច្ចសន្យាជាមួយក្លិបរហូតដល់ឆ្នាំ២០២៥ ផងដែរ។

លោក Dyche បានដឹកនាំក្លិបលេងនៅលីគលំដាប់ទី២ របស់អង់គ្លេស Championship នេះ ឡើងទៅចូលនៅលីគកំពូល Premier League ចាប់តាំងពីចូលដឹកនាំក្លិប Burnley កាលពីខែតុលា ឆ្នាំ២០១២ ហើយបានដឹកនាំពួកគេដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៧ នៅលីគ Premier League ក្នុងយុទ្ធនាការឆ្នាំ២០១៧-១៨។

ក្លិប Burnley ដែលបានចាញ់ក្រុម Everton ក្នុងលទ្ធផល ៣-១ នៅ Premier League កាលពីថ្ងៃចន្ទនោះ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Arsenal នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕