(កូរ៉េ)៖ តារាចម្រៀង និងជាតារាសម្តែងស្រីល្បីឈ្មោះ របស់កូរ៉េខាងត្បូងកញ្ញា IU ត្រូវបានរាយការណ៍មកថា បានធ្វើការបរិច្ចាគសម្ភារៈប្រើប្រាស់ និងរបស់របរជាច្រើន សរុបជាទឹកប្រាក់ជិត១លានដុល្លារអាមេរិក ទៅដល់ជនក្រីក្រ ដែលកំពុងជួបការខ្វះខាត។ ការបរិច្ចាគនេះ គឺត្រូវបានតារាស្រីដួងនេះធ្វើឡើង ដើម្បីអបអរខួបទី១៣ឆ្នាំ នៃការចូលវិស័យសិល្បៈរបស់នាង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

បើតាមសេចក្តីជូនដំណឹងពីក្រុមហ៊ុន EDAM Entertainment ដែលជាក្រុមការងាររបស់ IU បានឲ្យដឹងថា តារាស្រីរូបនេះបានសហការ ជាមួយក្រុមហ៊ុនជាច្រើន ដែលនាងធ្លាប់បានធ្វើការផ្សព្វផ្សាយជាមួយ ដើម្បីរៀបចំកម្មវិធីបរិច្ចាគរបស់របរនានា ជូនទៅអង្គការសប្បុរសធម៌ ដែលសរុបជាទឹកប្រាក់ចំនួន ៧២៣,០០០ដុល្លារអាមេរិក។

ខាងក្រោមនេះជារបស់របរនានាដែល IU បានបរិច្ចាគ៖
ទី១៖ ស្បែកជើងប៉ាត់តាប្រេន «New Balance» ចំនួន ១,០០០គូ ទៅដល់ក្រុមយុវជនខ្វះខាត។
ទី២៖ ភីហ្សា Banolim ចំនួន ២,០០០ឈុត សម្រាប់ក្មេងៗ និងកុមារជំទង់រស់នៅជំរុំ។
ទី៣៖ អាវរងា និងសម្ភារៈប្រើប្រាស់ ខែរងាចំនួន ២,០០០ សម្រាប់ ពី BLACKYAK សម្រាប់កុមារៗ និងក្មេងជំទង់ ត្រៀមមុនពេលរដូវត្រជាក់មកដល់។
ទី៤៖ ភួយប្រេន Evezari និងសម្ភារៈឈុតគេងជួយចំនួន៣០០ដល់មន្ទីរសុខភាព។
ទី៥៖ សម្ភារៈសង្គ្រោះបន្ទាន់ពី Kyungdong Pharmaceutical ចំនួន ២,០០០សម្រាប់ ជូនដល់មន្ទីរសុខភាព។
ទី៦៖ ទឹកពិសាបរិសុទ្ធ Jeju Samdasoo Water ចំនួន ៣០,០០០ដប ជូនដល់មន្ទីរសុខភាព។

គួរជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលតារាល្បី IU បានធ្វើសកម្មភាពសប្បុរធម៌នេះ ខណៈជារឿយៗនៅពេលមានកម្មវិធីពិសេសនានា ដូចជាថ្ងៃខួបកំណើតរបស់នាង គឺគេសង្កេតឃើញថា តារាស្រីរូបនេះ តែងតែធ្វើការបរិច្ចាគធនធានផ្ទាល់ខ្លួន ទៅកាន់ជនខ្វះខាត៕