(ភ្នំពេញ)៖ ខ្សែប្រយុទ្ធស្នូលរបស់ក្រុមវិសាខា កែវ សុខផេង បានលើកឡើងថា ជួបគ្នាជើងទី២ ជាមួយក្រុមនាគខៀវបឹងកេតស្អែកនេះ មិនអាចធ្វេសប្រហែសបានឡើយ ទោះបីក្រុមខ្លួនទើបយកឈ្នះក្រៅដីលើក្រុមការពារតំណែងជើងនេះ ៥-១ កាលពីថ្ងៃទី១១ ខែកញ្ញាកន្លងទៅក៏ដោយ។

សមាជិកក្រុមជម្រើសជាតិកម្ពុជាខាងលើបានចាត់ទុកគ្រប់ការប្រកួតនៅជុំទី២ សុទ្ធតែជាការប្រកួតសំខាន់សម្រាប់ក្រុមខ្លួន ហើយការប្រកួតជាមួយបឹងកេតស្អែកនេះ គឺជាការប្រកួតដ៏តានតឹងមួយ ព្រោះបេក្ខភាពប្រជែងជើងឯកចំនួន ៨ក្រុមនៅជុំទី២ ឬក្រុម Top-8 សុទ្ធតែជាក្រុមខ្លាំង ហើយកំពុងមានពិន្ទុប្រដេញគ្នាទៀត។

សុខផេង បាននិយាយថា «ចំពោះការប្រកួតលើទឹកដីបឹងកេត យើងធ្វើបានល្អទាំងអស់គ្នា ប៉ុន្ដែក៏មានចំណុចខ្វះខាតខ្លះ ដែលយើងនឹងព្យាយាមធ្វើឲ្យកាន់តែល្អសម្រាប់ការប្រកួតជុំទី២ ពិសេសប្រកួតស្អែកនេះ យើងមិនអាចធ្វេសប្រហែសបានទេ ព្រោះគ្រប់ការប្រកួតសុទ្ធតែសំខាន់ យើងនឹងខំប្រឹង ដើម្បីក្លិប និងក្រុមទាំងមូល»

តាមការបញ្ជាក់លើគេហទំព័រផ្លូវការរបស់ក្រុមកំពូលតារាងខាងលើ ប្រធានក្រុមវិសាខាដដែលបានបន្ថែមថា «សម្រាប់ការប្រកួតជុំទី២ ជាមួយបឹងកេតស្អែកនេះ ពួកយើងបានប្ដេជ្ញាទាំងកីឡាករ ទាំងគ្រូ ក៏ដូចជាថ្នាក់ដឹកនាំ ពួកគាត់តែងយកចិត្តទុកដាក់ដល់ក្រុម ហើយពួកយើងប្ដេជ្ញានឹងដណ្ដើមយក ៣ពិន្ទុលើទឹកដីពួកយើងទៀតឲ្យបាន»

ចំណែកពាក់ព័ន្ធកីឡាករចំណូលថ្មីវិសាខាវិញ សុខផេង បានបង្ហាញសុទិដ្ឋិនិយមថា «កីឡាករថ្មី ពួកគាត់បានហ្វឹកហាត់ជាមួយពួកយើងរៀងយូរដែរហើយ អញ្ចឹងពួកគាត់ស៊ាំជាមួយកីឡាករចាស់ និងស៊ាំជាមួយតាក់តិចលេងរបស់យើង ពិសេសពួកយើងបានយល់ចិត្តច្រើន។ ដូច្នេះមិនមានអ្វីជាបញ្ហាចោទសម្រាប់ពួកគាត់ក្នុងការត្រៀមជួយក្រុមនៅជុំទី២ នោះទេ»។

វិសាខា នឹងបើកទ្វារផ្ទះទទួលក្រុមបឹងកេតវិញម្ដង នាវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញាស្អែកនេះ នៅកីឡដ្ឋានព្រីនស៍ បន្ទាប់ពីក្រុមលោក Colum Curtis បានយកឈ្នះក្រុមនាគខៀវ ៥-១ ក្រៅដីកាលពីថ្ងៃទី១១ ខែកញ្ញាកន្លងទៅ។ នេះគឺជាជំនួបសងសឹកដ៏គួរឲ្យចាប់អារម្មណ៍មួយ ស្របពេលអ្នកគាំទ្រ ក៏ទន្ទឹងរង់ចាំការបង្ហាញខ្លួនរបស់សមាជិកថ្មីក្រុមទាំងពីរផងដែរ។

ការប្រកួតជុំទី២ នេះ វិសាខាមានកម្លាំងថ្មី ៤រូប ក្នុងនោះមានខ្សែប្រយុទ្ធប្រេស៊ីល Cristian Alex និងខ្សែបម្រើ-ប្រយុទ្ធ Lee JaeGun រួមជាមួយខ្សែការពារខ្មែរ ២រូប គឺកីឡាករ ទេស សម្បត្តិ ដែលផ្ទេរមកពីបឹងកេត និង ញឹម លីហួរ ដែលផ្ទេរមកពីខេត្តព្រៃវែង ក្រោមលក្ខខណ្ឌខ្ចីជើង។ រីឯបឹងកេត បន្ទាប់ពីមានវិបត្តិខ្សែការពារ ពួកគេនឹងមានខ្សែប្រយុទ្ធ ១រូបដើម្បីជួយក្រុម គឺកីឡាករកាមេរ៉ូន Abee Huber ដែលផ្ទេរមកពីក្លិបអាស៊ីអឺរ៉ុប។

បច្ចុប្បន្នវិសាខា កំពុងឈរកំពូលតារាង និងមាន ២៨ពិន្ទុ ស្មើក្រុមសិង្ហក្រហមភ្នំពេញក្រោន បន្ទាប់ពីឆ្លងកាត់ ១២ប្រកួត ឈ្នះ ៨ និងស្មើ ៤ មិនទាន់ស្គាល់ចាញ់សោះដូចគ្នា។ រីឯក្រុមបឹងកេត ឈរលេខរៀងទី៥ បណ្ដោះអាសន្ន ដោយមាន ២៤ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាង ៤ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១២ប្រកួតនៅជុំទី១ ឈ្នះ ៨ និងចាញ់ ៤ប្រកួត៕