(ភ្នំពេញ)៖ បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ ធនាគារ ឈីហ្វ បានពិភាក្សាជាមួយលោក កៃ គឹមសុង ចាងហ្វាងការផ្សាយ អាម៉ាហ្សាឌៀ (AMAZADIA) អំពីការបើកគណនីប្រាក់បញ្ញើសន្សំថេរ ដែលជាសមិទ្ធផលផលថ្មីមួយដែលផ្តល់ជូនដោយធនាគារឈីហ្វ និងការពិពណ៌នាអំពីផលិតផល ដែលត្រូវនឹងតម្រូវការហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះ តាមរយៈសំនួរ~ចម្លើយដូចខាងក្រោម៖
អាម៉ាហ្សាឌៀ៖ តើលោកបណ្ឌិត អាចពន្យល់អំពីគណនីប្រាក់បញ្ញើសន្សំថេរបានដែរឬទេ? តើវាមានដំណើរការយ៉ាងដូចម្តេច?
បណ្ឌិត ម៉ូរ៉ារិទ្ធ៖ ការប្រើប្រាស់គណនីប្រាក់បញ្ញើសន្សំថេរត្រូវបានគេស្គាល់ជាភាសាខ្មែរថាជា ការដាក់ប្រាក់ថេរក្នុងគណនី។ សម្រាប់គណនីប្រាក់បញ្ញើមានកាលកំណត់ គឺត្រូវបានភ្ជាប់ជាមួយនឹងរយៈពេលដែលមានកាលកំណត់។ ប៉ុន្តែសម្រាប់ប្រាក់បញ្ញើសន្សំថេរ ការកើនឡើងនៃការប្រាក់គឺស្ថិតលើរយៈពេលជាក់ស្តែង។ ពីមុនមក អតិថិជនត្រូវធ្វើការដាក់ប្រាក់ម្តង ហើយតម្រូវឲ្យរង់ចាំរហូតដល់កាលបរិច្ឆេទនៃកាលកំណត់ទើបអាចទទួលបានការប្រាក់។ ភាពខុសគ្នាចម្បង រវាងគណនីបញ្ញើទាំង ២នេះគឺ ពេលវេលានៃការដាក់ប្រាក់។ នេះក៏សម្រាប់ការដាក់ប្រាក់រៀងរាល់ខែរបស់អតិថិជននៅថ្ងៃក្រោយផងដែរ។ ឧទាហរណ៍ អតិថិជនដាក់ប្រាក់ ១២ ០០០ ដុល្លារសម្រាប់រយៈពេល ១២ខែមានន័យថា ពួកគេបានដាក់ប្រាក់ ១០០០ដុល្លារ ក្នុងមួយខែ។ ហើយនេះគឺជា ការដាក់ប្រាក់បញ្ញើជាបន្តបន្ទាប់ក្នុងរយៈពេល ១២ខែ។ វាក៏បានបង្ហាញពីភាពខុសគ្នាដ៏សំខាន់ក្នុងចំណោមផែនការដទៃទៀតផងដែរ។
អាម៉ាហ្សាឌៀ៖ តើមានតម្រូវការអ្វីខ្លះ សម្រាប់ការបើកគណនីប្រាក់បញ្ញើសន្សំថេរនេះ?
បណ្ឌិត ម៉ូរ៉ារិទ្ធ៖ ដើម្បីបើកគណនីប្រាក់បញ្ញើសន្សំថេរ អតិថិជនតម្រូវឲ្យបំពេញលក្ខខណ្ឌមួយចំនួន។ ដំបូង អតិថិជនត្រូវធ្វើការដាក់ប្រាក់ប្រចាំខែអប្បបរមាចំនួន ៥០ដុល្លារ។ មានន័យថា ពួកគេត្រូវដាក់ប្រាក់យ៉ាងតិច ៥០ ដុល្លារក្នុងមួយខែរហូតដល់កាលកំណត់នៃកាលបរិច្ឆេទដែលពួកគេបានជ្រើសរើស។ គម្រោងនេះគឺមានសុវត្ថិភាពជាង ការលេងតុងទីន ដែលបង្កឲ្យមានហានិភ័យ។ ទី ២ អតិថិជនអាចជ្រើសរើសចំនួនទឹកប្រាក់ដែលពួកគេចង់សន្សំរហូតដល់កាលកំណត់ ដែលពួកគេបានជ្រើសរើស។ ទី៣ ដូចដែលខ្ញុំបានលើកឡើងមុននេះ ការដាក់ប្រាក់ត្រូវបានធ្វើឡើងជាបន្តបន្ទាប់រៀងរាល់ខែ។ ទី៤ អតិថិជនត្រូវជ្រើសរើសកាលបរិច្ឆេទជាក់លាក់សម្រាប់ការដាក់ប្រាក់។ ទី៥ អតិថិជនអាចទទួលបានការប្រាក់ នៅពេលដែលកាលកំណត់នៃការបញ្ញើត្រូវបានបញ្ចប់។ ទី៦ ទាក់ទងនឹងការដកប្រាក់ គឺមានដំណើរការដូចគ្នាទៅនឹងការដាក់ប្រាក់បញ្ញើមានកាលកំណត់ ប៉ុន្តែយើងអនុញ្ញាតឲ្យធ្វើការបញ្ចប់មុនកាលកំណត់ ដោយការទូទាត់អត្រាការប្រាក់នៃបញ្ញើសន្សំត្រូវបានអនុវត្ត ដូចអ្វីដែលយើងបានពិភាក្សានៅពេលដំបូង។ អត្រាការប្រាក់បច្ចុប្បន្នគឺ ៥ ភាគរយក្នុងមួយឆ្នាំ។
អាម៉ាហ្សាឌៀ៖ តើអតិថិជនអាចនឹងទទួលការពិន័យទេ ប្រសិនបើពួកគេបិទគណនីមុន កាលកំណត់?
បណ្ឌិត ម៉ូរ៉ារិទ្ធ៖ នៅពេលដែលយើងអនុញ្ញាតឲ្យអតិថិជនធ្វើដូច្នោះ យើងក៏មាន កិច្ចសន្យាការប្រាក់ ដែលបានបោះពុម្ពលើវិញ្ញាបនបត្រនៃគណនីប្រាក់បញ្ញើសន្សំថេរដែរ។ ប្រសិនបើអត្រាការប្រាក់មានចំនួន ៥ ភាគរយក្នុងរយៈពេល ១២ខែ នោះមានន័យថាអតិថិជនបានបំពាននូវកិច្ចសន្យាប្រសិនបើពួកគេបិទគណនី មុនកាលកំណត់»។ ទោះយ៉ាងណា យើងនៅតែផ្តល់នូវការប្រាក់ជូនពួកគេ ប៉ុន្តែវានឹងមិនដូចការប្រាក់ដែល បានកំនត់នៅក្នុងកិច្ចសន្យានោះទេ។
អាម៉ាហ្សាឌៀ៖ តើនរណាជាអតិថិជនគោលដៅសម្រាប់គណនីនេះ?
បណ្ឌិត ម៉ូរ៉ារិទ្ធ៖ យើងផ្តល់សេវាកម្មជូនទាំងអតិថិជនជាបុគ្គល និងក្រុមហ៊ុន។ ទោះយ៉ាងណា យើងមិនផ្តល់ជូន អតិថិជនជាស្ថាប័នហិរញ្ញវត្ថុនោះទេ។ យើងបានបង្កើតផែនការនេះជាការសន្សំដែល ផ្តល់នូវការប្រាក់ ៥ភាគរយ សម្រាប់ប្រាក់ដុល្លារ និង ៥,៥ភាគរយ សម្រាប់ប្រាក់រៀល បូករួមទាំងលទ្ធភាពនៃការចរចាផងដែរ។ វាក៏បានផ្តល់នូវតម្លៃត្រលប់ទៅវិញក្នុងចំនួនអប្បបរមាដែរ។ ដូច្នេះ វាពិតជាមានអត្ថប្រយោជន៍ ណាស់ក្នុងការបើកគណនីជាមួយធនាគារ ឈីហ្វ។
អាម៉ាហ្សាឌៀ៖ តើគណនីប្រាក់បញ្ញើសន្សំថេរមានប្រជាប្រិយភាពនៅធនាគារ ឈីហ្វ ដែរឬទេ? ហើយដំណើរការនៃការបើកគណនី មានភាពស្មុគស្មាញដែរឬទេ?
បណ្ឌិត ម៉ូរ៉ារិទ្ធ៖ វាគឺជាគំនិតមួយដែលចង់ឲ្យអ្នកប្រើប្រាស់យល់ច្បាស់អំពីអត្ថប្រយោជន៍នៃការសន្សំដែលអាចធ្វើឲ្យក្រុម គ្រួសារមានភាពរីកចម្រើន។ ឧទាហរណ៍ តើយើងអាចមើលឃើញពីតម្រូវការដែលមិនបានរំពឹងទុកនាពេលអនាគតដែរឬទេ? ប្រសិនបើយើងប្រើប្រាស់គណនីបញ្ញើរសន្សំថេរ នោះយើងអាចបិទគណនីមុន កាលកំណត់ដើម្បីយកប្រាក់សម្រាប់បំពេញតម្រូវការ ឬការចំណាយដែលមិនបានរំពឹងទុកបាន។ នៅពេលកូន ឬឪពុកម្តាយរបស់អ្នកមានជំងឺ ឬអ្នកមានបញ្ហាសុខភាពបន្ទាន់អ្នកអាចប្រើប្រាស់វាសម្រាប់ការចំណាយបាន។
ទាំងនេះគឺជា លក្ខណៈពិសេសនៃគណនីបញ្ញើរសន្សំថេររបស់យើង។ ដំណើរការនៃការបើកគណនីមានភាពស្មុគស្មាញដែរឬទេ ត្រូវចំណាយពេលយូរទេ? សម្រាប់ធនាគារ ឈីហ្វ យើងព្យាយាមធ្វើឲ្យមានភាពងាយស្រួលបំផុត។ យើងសម្រួលដំណើរការរៀបចំឯកសារដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។ សម្រាប់អតិថិជនជាបុគ្គល ឯកសារដែលត្រូវការគឺអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព។ ពួកគេថែមទាំងអាចទាក់ទងមកធនាគារ ដើម្បីឲ្យបុគ្គលិករបស់យើងធ្វើដំណើរទៅកាន់កន្លែងជាក់លាក់ដើម្បី បង្កើតគណនីសម្រាប់ពួកគេ។ សម្រាប់ក្រុមហ៊ុន ពួកគេត្រូវការតែ MAA វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬវិញ្ញាបនបត្រប៉ាតង់។ បុគ្គលិករបស់យើងអាចធ្វើដំណើរទៅកាន់ការិយាល័យរបស់ពួកគេ ដើម្បីបើកគណនេយ្យបាន៕