(អាមេរិក)៖ កម្មវិធី TikTok ត្រូវបានគេរាយការណ៍មកថា បាននិងកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយគណៈកម្មការការពារទិន្នន័យអៀរឡង់ (DPC) ដែលជានិយតករឈានមុខគេរបស់នៅសហភាពអឺរ៉ុប លើបញ្ហាទាក់ទងនឹងឯកជនភាពរបស់អ្នកប្រើប្រាស់ចំនួនពីរ។ នេះបើយោងតាម ការ ចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

DPC បាននិងកំពុងពិនិត្យមើលដំណើរការ ការការពារទិន្នន័យផ្ទាល់ខ្លួនរបស់កុមារនៅលើកម្មវិធី TikTok ថាតើ TikTok បានអនុវត្ត ស្របតាមច្បាប់របស់សហភាពអឺរ៉ុប អំពីការផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅប្រទេសផ្សេងទៀត ដូចជាប្រទេសចិនដែរ ឬទេ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ ត្រូវបានក្រុមហ៊ុន TikTok បដិសេស និងលើកឡើងថាឯកជនភាពគឺជា «អាទិភាពខ្ពស់បំផុតរបស់យើង»

DPC បានបន្ថែមទៀតថា ខ្លួនកំពុងពិនិត្យមើលជាពិសេសទាក់ទងនឹងបញ្ហាទាក់ទងនឹង បទបញ្ជាការពារទិន្នន័យទូទៅ (GDPR) របស់សហភាពអឺរ៉ុប ហើយបើសិនជារកឃើញថាបានល្មើសមែននោះ TikTok អាចនឹងការពិន័យរហូតដល់ ៤ភាគរយនៃប្រាក់ចំណូលរបស់ ក្រុមហ៊ុន ឬត្រូវបានហាមឃាត់ប្រតិបត្តិការនៅ តំបន់អឺរ៉ុប។

ការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងតាមដំណាក់កាល ដោយជាលើកដំបូងនឹងពិនិត្យមើល «ដំណើរការទិន្នន័យផ្ទាល់ខ្លនរបស់អ្នកប្រើប្រាស់ក្រោមអាយុ ១៨ ឆ្នាំ និងវិធានការផ្ទៀងផ្ទាត់អាយុសម្រាប់មនុស្សអាយុក្រោម ១៣ ឆ្នាំ»

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែល DPC បានស៊ើបអង្កេតលើបញ្ហាបែបនេះ ដោយកាលពីខែតុលាឆ្នាំ ២០២០ DPC បានប្រកាសថា ខ្លួនបាននិងកំពុងពិនិត្យមើល Instagram ដើម្បីគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់កុមារ៕