(ភ្នំពេញ)៖ ព្រីនស៍ ហូលឌីង គ្រុប (ព្រីនស៍គ្រុប) ដែលជាក្រុមហ៊ុនធំជាងគេ និងរីកចម្រើនលឿនបំផុតមួយនៅកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ត្រូវបានគេ ទទួលស្គាល់ចំពោះភាពជាសហគ្រិនដែល ប្រកបដោយទំនួលខុសត្រូវ នៅក្នុងកម្មវិធីពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ីប្រចាំឆ្នាំ២០២១ ហៅកាត់ថា AREA។

នេះជាពានរង្វាន់ទី៥ហើយ ដែលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ទទួលបាននៅក្នុងឆ្នាំ២០២១នេះ ដោយក្រុមប្រឹក្សាវិនិច្ឆ័យថ្នាក់ជាតិ និងអន្តរជាតិបានគូសបញ្ជាក់ថា ក្រុមហ៊ុននេះ ជាក្រុមហ៊ុនឈានមុខគេនៅតំបន់អាស៊ី ទទួលបានជោគជ័យខ្លាំង ដែលមានការអភិវឌ្ឍប្រកបដោយចីរភាពទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅទូទាំង តំបន់អាស៊ានទាំងមូល។

កម្មវិធីពានរង្វាន់ AREA នេះបង្កើតឡើងនៅក្នុងឆ្នាំ២០១១ នឹងកំពុងស្វែងរកគន្លឹះដើម្បីកំណត់ឧទាហរណ៍នៃភាពជាអ្នកដឹកនាំគិតគូរដល់បរិស្ថាន ការវិនិយោគលើប្រជាជន ការលើកកម្ពស់សុខុមាលភាព ការពង្រឹងសិទ្ធិអំណាចសង្គម អភិបាលកិច្ចសាជីវកម្ម សារាចរនៃភាពជាអ្នកដឹកនាំផ្នែកសេដ្ឋកិច្ច និងភាពជាអ្នកដឹកនាំធុរកិច្ច ដែលប្រកប ដោយទំនួលខុសត្រូវ។ កម្មវិធីនេះបានដំណើរការដើម្បីបង្កើតសហគមន៍មួយ ដែលមានគោលបំណងតែមួយដូចគ្នា ដើម្បីឱ្យអ្នកជំនួញនៅក្នុងតំបន់អាស៊ី បានរៀនពីគ្នា ទៅវិញទៅមក។

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានឱ្យដឹងថា សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានធ្វើការទៅលើមូលនិធិព្រីនស៍ (Prince Foundation) ដោយបានបំពេញកិច្ចការយ៉ាងខ្ជាប់ខ្ជួន ដើម្បីធានាបានថា ប្រតិបត្តិការពាណិជ្ជកម្ម និងសកម្មភាពសប្បុរសធម៌ ដើរទន្ទឹមគ្នា ដើម្បីបង្កើតនូវភាពខុសប្លែកគ្នាទៅកាន់បុគ្គលិក ប្រជាពលរដ្ឋនៅកម្ពុជា និងបរិស្ថានទាំងមូល។

អ្នកឧកញ៉ា បានបន្ថែមថា ក្រុមហ៊ុន ព្រីនស៍ នឹងបន្តខិតខំប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់កិត្តិនាមរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងរៀនសូត្រ ពីដៃគូនៅទូទាំងតំបន់ ព្រោះក្រុមហ៊ុន ព្រីនស៍ កំពុងសម្លឹងមើលពីឱកាសក្នុងការស្តារស្ថានភាពឡើងវិញដើម្បីផ្តល់ជូននូវអនាគតដ៏រុងរឿងនិងប្រកបដោយនិរន្តរភាព។

អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានវិនិយោគជាថវិកាអស់ជាង២ពាន់លានដុល្លារ ជាមួយគម្រោងនៅក្នុងស្រុក ហើយពហុក្រុមហ៊ុននេះ នឹងបន្តបង្ហាញនូវការប្តេជ្ញាចិត្តនារយៈពេលវែងរបស់ខ្លួន តាមរយៈវិធីសាស្រ្តផ្សេងៗជាបន្តបន្ទាប់សម្រាប់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា បានបើកដំណើរការកម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី សម្រាប់និស្សិតកម្រិតសាកលវិទ្យាល័យនៅក្នុងប្រទេស កម្ពុជាចំនួន៤០០នាក់ ការចូលរួមជាជំនួយថវិកា ១លានដុល្លារដល់អង្គការសង្គមស៊ីវិល ដើម្បីបង្កើតនូវឥទ្ធិពលក្នុងការជួយដល់អ្នកដែលរស់នៅតាមតំបន់ជនបទនានា ការបរិច្ចាគថវិកាចំនួន ៦លានដុល្លារសហរដ្ឋអាមេរិក ដល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ដោយរួមបញ្ចូលទាំងការទិញវ៉ាក់សាំងការពារ ១លានដូស និងបានរៀបចំនូវការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជាច្រើនលើកជូនដល់បុគ្គលិករបស់ខ្លួនបានជាង ៣,៥០០នាក់៕