(អាមេរិក)៖ តារាសម្តែងល្បី Keanu Reeves (ឃីអានូ រីហ្វស៍) ដែលត្រូវបានទស្សនិកជនស្គាល់ខ្លាំង តាមរយៈសម្តែងជាតួអង្គ «John Wick» នៅពេលនេះបានបង្ហាញខ្លួន សម្តែងជាតួអង្គដ៏សាហាវម្នាក់ ក្នុងភាពយន្ត «Matrix» វគ្គ៤ ខណៈរឿងនេះនឹងត្រូវចាក់បញ្ចាំងតាមរោងកុន និងលើសេវាកម្ម HBO Max នៅចុងឆ្នាំ២០២១នេះ។

រឿង «Matrix» គឺជាស៊េរីភាពយន្ត បែបបាញ់ប្រហារ និងវិទ្យាសាស្ត្រដ៏ល្បី ដែលបានចេញវគ្គដំបូងកាលពីឆ្នាំ១៩៩៩ ខណៈវគ្គ៣ ដែលបញ្ចេញកាលពីឆ្នាំ២០០៣ គឺអាចរកចំណូលបានរហូតដល់ទៅ ៤២៧.៣លានដុល្លារអាមេរិក។ ក្នុងវគ្គថ្មី ដែលជាវគ្គ៤ គ្រោងបញ្ចេញនៅចុងឆ្នាំនេះ គឺលោក Keanu Reeves (ឃីអានូ រីហ្វស៍) សម្តែងជាតួអង្គ Neo (នីអូ) សារជាថ្មី។ តាមរយៈឈុតឆាត Trailer ដែលទស្សនិកជនទន្ទឹងរង់ចាំអស់ជាច្រើនឆ្នាំ ទីបំផុតត្រូវបានបញ្ចេញមកដំបូង សម្រាប់ភាពយន្ត MATRIX (ម៉ាទ្រិច) វគ្គ៤ ដែលបានបង្ហើបខ្លះៗ ពីឈុតឆាកដ៏អស្ចារ្យ នៅក្នុងដំណើរផ្សងព្រេងថ្មី។

ភាពយន្ត MATRIX វគ្គថ្មី៤ មានចំណងជើងពេញថា «The Matrix Resurrections» គឺមានការជួបជុំគ្នាវិញរវាងតួអង្គឯកទាំងពីរឈ្មោះ Neo (នីអូ) និង Trinity (ទ្រីនីធី) ដែលនៅតែសម្ដែងដោយតារាសម្ដែង Keanu Reeves (ឃីអានូ រីហ្វស៍) និងតារាសម្ដែង Carrie-Anne Moss (ខេរី អាន មូស) ដូចដើម។ បន្ថែមពីនេះ ក៏មានចូលរួមសម្ដែងដោយតារាសម្ដែងល្បីឥណ្ឌា Priyanka Chopra (ព្រីយ៉ានកា ឆូប្រ៉ា), តារាសម្ដែង Neil Patrick Haris (ណៀន ផេទ្រីក ហារីស) និង Jada Pinkett Smith (ចាដា ភីងឃេត ស្មីត) ផងដែរ។

គួរជម្រាបថា ភាពយន្ត MATRIX វគ្គថ្មី៤នេះ នឹងត្រូវចាក់បញ្ចាំងតាមរោងកុននៅអាមេរិក និងនៅលើសេវាកម្ម HBO Max ព្រមគ្នាតែម្តង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ៕