(ភ្នំពេញ)៖ បន្ទាប់ពីខកខានរៀបចំការប្រកួតកីឡាជាតិ លើកទី៣ កាលពីឆ្នាំ២០២០ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍នេះ គ្រោងនឹងរៀបចំឡើងវិញនៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាក្នុងកិច្ចប្រជុំតាម Online ស្ដីពីការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាជាតិ លើកទី៣ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

លោក សុខ សប្បាយណា បានបញ្ជាក់ថា កិច្ចប្រជុំខាងលើមានការចូលរួមពីសហព័ន្ធកីឡាជាតិ និងមន្ទីរអប់រំ យុវជន និងកីឡា គ្រប់រាជធានី-ខេត្ត ដើម្បីទទួលបានព័ត៌មាន និងគោលបំណងនៃការត្រៀមរៀបចំកីឡាជាតិ លើកទី៣ ដែលគ្រោងរៀបចំនាចុងឆ្នាំ២០២២ ដោយនឹងធ្វើតាមលំនាំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទាំងប្រភេទកីឡា និងវិញ្ញាសាជាដើម ដើម្បីជាការតេស្ដសមត្ថភាពត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។

អនុរដ្ឋលេខាធិការក្រសួងអប់រំដដែលបន្ដថា «ដំណើរវិវឌ្ឍន៍ការប្រកួតកីឡាជាតិរបស់យើង លើកទី១ យើងធ្វើឆ្នាំ២០១៦ គឺ ១៥ប្រភេទកីឡា លើកទី២ ឆ្នាំ២០១៨ យើងពង្រីកដល់ ២៧ប្រភេទកីឡា តែឆ្នាំ២០២០ យើងអត់បានធ្វើ ដោយសារស្ថានភាពកូវីដ ហើយឆ្នាំ២០២២ អ្វីដែលយើងគ្រោងធ្វើនេះ ជាយុទ្ធសាស្ដ្រ គឺតាមវិញ្ញាសាតាមប្រភេទកីឡា តាមស៊ីហ្គេម ដែលយើងនឹងធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ចឹងយើងត្រៀមរហូតទៅដល់ ៣៩ប្រភេទកីឡា បូកនឹងកីឡាប៉ារ៉ាឡាំពិក ៧ប្រភេទកីឡា»

ចំពោះគោលបំណងនៃការត្រៀមរៀបចំការប្រកួតកីឡាជាតិនាពេលខាងមុខ គឺដើម្បីលើកស្ទួយវិស័យកីឡានៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បណ្ដុះស្មារតីចូលរួមលេងកីឡា និងហ្វឹកហាត់ផ្នែកកាយសម្បទារ ផ្ដល់ឱកាសការចូលរួមដល់កីឡាករ-កីឡាការិនី បង្ហាញពីសក្ដានុពល និងកិត្យានុភាពជាតិតាមរយៈកីឡា បង្កើនទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងស្មារតីស្នេហាជាតិ ពិសេសគឺការត្រៀមលក្ខណៈឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តែម្ដង។

គួរបញ្ជាក់ថា កីឡាជាតិ ត្រូវបានរៀបចំលើកដំបូងកាលពីឆ្នាំ២០១៦ ក្រោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ក្នុងគោលដៅជំរុញការអភិវឌ្ឍធនធានកីឡាករ និងមន្ដ្រីបច្ចេកទេស ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្កេម ឆ្នាំ២០២៣។ កីឡាជាតិ លើកទី១ ឆ្នាំ២០១៦ រៀបចំការប្រកួតតែ ១៥ប្រភេទកីឡាប៉ុណ្ណោះ ខណៈលើកទី២ ឆ្នាំ២០១៨ ពង្រីកការប្រកួតដល់ ២៧ប្រភេទកីឡា។ រីឯការប្រកួតជាតិ លើកទី៣ ដែលត្រៀមរៀបចំនាចុងឆ្នាំ២០២២ គ្រោងប្រកួតដល់ទៅ ៣៩ប្រភេទកីឡា និងកីឡាប៉ារ៉ាឡាំពិក ៧ប្រភេទ។ ប៉ុន្ដែការរៀបចំនោះ ក៏អាស្រ័យលើស្ថានភាពកូវីដ-១៩ អំណោយផលដែរ៕