(អាមេរិក)៖ Online Design Platform ថ្មី និងកំពុងតែល្បីរបស់អូស្ត្រាលី Canva នៅពេលនេះបានកើនឡើងតម្លៃនៅលើទីផ្សាររហូតដល់ ៤០ពាន់លានដុល្លារអាមេរិក ដែលជា តម្លៃមួយខ្ពស់បំផុតសម្រាប់ក្រុមហ៊ុនឯកជននាពេលបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន BBC នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

Canva គឺជា Platform ដែលផ្ដល់មុខងារ Design ស្ទើតែគ្រប់មុខនៅលើអនឡាញ និងកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេស គឺ នៅក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះ បានកើនឡើងនូវអ្នកប្រើប្រាស់រាប់លាននាក់។

យោងតាមរបាយការណ៍របស់ ស្ថាប័នស្រាវជ្រាវទៅលើអាជីវកម្ម CB Insights បានបង្ហាញឱ្យដឹងថា ថ្មីៗនេះ អ្នកប្រើប្រាស់ Canva បានផ្ទុះឡើង យ៉ាងខ្លាំង ហើយមូលហេតុនៃការផ្ទុះឡើងនេះគឺបណ្ដាមកពីមានការធ្វើការងារនៅតាមផ្ទះច្រើន ហើយកត្តាទាំងនេះហើយដែលបានរុញច្រាន Canva ឱ្យមានតម្លៃនៅលើទីផ្សាររហូតដល់ ៤០ពាន់លានដុល្លារ មិនចាញ់ក្រុមហ៊ុន ByteDance, Stripe, SpaceX និង Klarna ឡើយ។

Canva ត្រូវបានបង្កើតឡើងដោយជនជាតិអូស្ត្រាលីពីរនាក់គឺលោកស្រី Melanie Perkins និងលោក Cliff Obrecht កាលពីឆ្នាំ ២០១៣ និងមានអ្នកប្រើប្រាស់ ៧៥០០០០នាក់នៅឆ្នាំដំបូង ព្រមទាំងមានតម្លៃទៅលើទីផ្សារ ៦ពាន់លានដុល្លារអាមេរិកកាលពីខែមិថុនា ឆ្នាំ២០២០។

ចាប់តាំងពីឆ្នាំ ២០១៧មក Canva ទទួលបានការគាំទ្រ និងការវិនិយោគទុនជាច្រើនពីសំណាក់កំពូលមហាសេដ្ឋីក្នុងស្រុក និងពីសំណាក់ ក្រុមហ៊ុន ផ្សេងៗ ដូច្នេះហើយទើបតម្លៃក្រុមហ៊ុនចេះតែបន្តកើនឡើង ប៉ុន្តែ Platform មួយនេះក៏បានធ្វើការ Update នូវមុខងារសំខាន់ៗជាច្រើនផងដែរ ដោយកាលពីថ្មីៗនេះបានបញ្ចូលមុខងារកាត់តវីដេអូ និងពោរពេញដោយលក្ខណៈសម្បត្តិសម្រាប់អ្នកប្រើប្រាស់៕