(ភ្នំពេញ)៖ ដោយមើលឃើញពីកាយវិការ និងពាក្យសម្ដីមិនសមរម្យជាច្រើនរបស់អ្នកសម្ដែង និងអ្នកដឹកនាំក្មេងៗស្រករក្រោយ នៅក្នុងភាពយន្តខ្លី ដែលកំពុងតែបង្ហាញឡើងយ៉ាងព្រោងព្រាត តាមរយៈបណ្ដាញសង្គមនានា ជាពិសេសគឺបណ្ដាសង្គម Tik Tok នោះ ពិធីករសម្បូរវោហាស័ព្ទ និងជាអ្នកសិល្បៈពហុជំនាញផងនោះ លោក ដួង សុខគា បានទទូចអង្វរដល់ក្មេងៗ ជាដឹកនាំសម្ដែងទាំងនោះ កុំឲ្យប្រើពាក្យពេចន៍ និងកាយវិការមិនសមរម្យនោះបន្តទៀត ព្រោះទង្វើបែបនេះ អាចជះឥទ្ធិលអាក្រក់ខ្លាំងដល់អ្នកទស្សនា ជាពិសេសដល់ក្មេងៗដែលជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិ។

ដោយទ្រាំនឹងការប្រើពាក្យអា-ម៉ឺង ស្ទើរតែដាច់សាច់ ពេលលោកទស្សនារឿងខ្លីកន្លងមកមិនបាន លោក ដួង សុខគា បានព្រលយថា «ខ្ញុំសូមអង្វរអ្នកដឹកនាំក្មេងៗ លេងកំប្លែង សូមមេត្តា កុំនាំគ្នាឲ្យប្រើពាក្យអសីលធម៌ កាយវិការមិនសមរម្យឲ្យសោះ! គេជាទំពាំង! រឿងសើចសប្បាយ មិនចាំបាច់ឈ្លើយទេ កាចក៏មិនចាំអសីលធម៌ដែរ! សូមមេត្តា អធ្យាស្រ័យ!»

ជាការពិត នៅពេលបច្ចុប្បន្ននេះ មហាជនដែលជាអ្នកនិយមលែងបណ្ដាញសង្គមនានា ជាពិសេសបណ្ដាញាសង្គម Tik Tok គឺមានរឿងខ្លីជាច្រើន ដែលសម្ដែងដោយតារាមិនមែនអាជីព ហើយការប្រើពាក្យសម្ដី នៅក្នុងរឿងទាំងអស់នោះ ក៏មិនសូមសមរម្យដែរ។ ទាំងអ្នកដឹកនាំ ទាំងអ្នកសម្ដែងបែបកំប្លុកកំប្លែង ហាក់មិនបានប្រើប្រាស់ពាក្យពេចន៍ សមគួរដាក់គ្នានោះទេ ដោយភាគច្រើន គឺមានតែពាក្យអសុរស និងថែមទាំងបញ្ចេញកាយវិការ មិនសមទំនងទៀតផង។ ពាក្យសម្ដីទាំងនោះ បានជះឥទ្ធិពលខ្លាំងដល់អ្នកទស្សនា ជាពិសេសក្មេងតូចៗដែលជាទំពាំងស្នងឫស្សី។

លោក ដួង សុខគា បានបញ្ជាក់បន្ថែមទៀតថា «ចោលចាស់ច្បាស់ជាបាត់ដាន! ក្មេងៗទំនាន់ក្រោយជាទីស្រឡាញ់! ដ្បិតថារលកក្រោយច្រានរលកមុន ឬ ទំពាំងថ្មីស្នងឫស្សីចាស់ក៏ពិត តែសូមជឿខ្ញុំចុះថា គេមិនត្រូវចោលមនុស្សចាស់ទេ!»

យ៉ាងណាមិញ បន្ទាប់ពីពិធីករល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ CTN បង្ហោះសារបែបនេះរួចមក គឺមានមហាជនជាច្រើនបានសម្ដែងការគាំទ្រចំពោះរូបលោក ទៅលើពាក្យសម្ដីរបស់លោក ដួង សុខគា ព្រោះតែមិនចង់ឲ្យក្មេងៗ ជំនាន់ក្រោយយកតម្រាប់តាម ប្រាសចាកពីសេចក្ដីថ្លៃថ្នូរបស់សង្គមជាតិ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មហាជនបានសង្កេតឃើញថា មានក្មេងៗ និងយុវវ័យជាច្រើនបានងាកមកនាំគ្នាសម្ដែងរឿងខ្នាតខ្លី ដោយភាគច្រើនជាប្រភេទរឿងអប់រំ ដើម្បីផ្សាយនៅលើបណ្ដាញសង្គម ជាពិសេសគឺ Tik Tok ប៉ុន្តែរាល់រឿងខ្លីទាំងនោះ គឺបានប្រើពាក្យសម្ដីមិនសមរម្យ និងកាយវិការច្រងេងច្រងាង ស្ទើរតែមិនអាចទទួលយកបាន។ ចំណុចនេះ បានធ្វើឲ្យអ្នកទស្សនាធ្វើការរិះគន់ និងសូមឲ្យធ្វើការកែតម្រូវ ដូចអ្វីដែលលោក ដួង សុខគា បានលើកឡើងខាងលើនេះ៕