(ភ្នំពេញ)៖ ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ជីប ម៉ុង នឹងរៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅថ្ងៃទី២៥ និង២៦ ខែកញ្ញា ឆ្នាំ២០២១ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ដែលនឹងចូលរួមដោយបុគ្គលិក ជីប ម៉ុង និងបើកជាសាធារណៈ ដើម្បីរួមគ្នាផ្ដល់ឈាមទៅដល់អ្នកដែលត្រូវការឈាមចាំបាច់បំផុត។

ជាមួយក្ដីកង្វល់ពីការខ្វះខាតឈាម ចាប់តាំងពីមានការឆ្លងរីករាលដាលនៃជំងីកូវីដ-១៩ ស្របពេលដែលតម្រូវការឈាមសង្គ្រោះបន្ទាន់ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ ការសម្រាលបុត្រមិនធម្មតា និងការវះកាត់ធ្ងន់ធ្ងរ នៅតែបន្តមានឡើង ជីប ម៉ុង សម្រេចរៀបចំកម្មវិធីនេះឡើងដោយគោរពតាមគោលការណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាល ដោយអនុវត្ត ៣កុំ ៣ការពារ រក្សាគម្លាតនិងអនាម័យនៅគ្រប់ដំណើរការនៃកិច្ចបរិច្ចាគឈាមនេះ ដើម្បីរក្សាសុខសុវត្ថិភាពសម្រាប់សប្បុរសជនទាំងអស់។

គួរបញ្ជាក់ផងដែរ ជារៀងរាល់ឆ្នាំ ជីប ម៉ុង បានរៀបចំបេសកកម្មបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះឡើងក្នុងគោលបំណងបំពេញកាតព្វកិច្ចជួយសង្គមតាមរយៈការផ្ដល់អំណោយឈាមដើម្បីសង្គ្រោះអាយុជីវិតអ្នកដែលត្រូវការឈាមចាំបាច់ ព្រមទាំងលើកទឹកចិត្តឲ្យបុគ្គលិកក៏ដូចជាប្រជាជនគ្រប់រូបដែលមានសុខភាពល្អចូលរួមអនុវត្តទំនួលខុសត្រូវរួមមួយនេះផងដែរ៕