(មុយនិច)៖ ខ្សែបម្រើស្លាបរបស់ក្លិប Bayern Munich កីឡាករ Kingsley Coman បានទទួលការវះកាត់បេះដូងខ្នាតតូច ក្នុងសប្តាហ៍នេះ ដើម្បីព្យាបាលបញ្ហាបេះដូង ប៉ុន្តែត្រូវបានគេរំពឹងថា នឹងអវត្តមានពីការប្រកួត រយៈពេលជាង២សប្តាហ៍, នេះបើតាមសម្តីគ្រូបង្វឹកក្លិប Bayern លោក Julian Nagelsmann ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

កីឡាករសញ្ជាតិបារាំង, ដែលបានដូរចូលនៅចុងម៉ោង ក្នុងការប្រកួតឈ្នះ៣-០ លើក្រុម Barcelona ក្នុងការជម្រុះក្នុងពូល នៃលីគ Champions League កាលពីដើមសប្តាហ៍នេះ, នឹងបន្តចាប់ផ្តើមហ្វឹកហាត់ឡើងវិញ យ៉ាងលឿនបំផុត នៅសប្តាហ៍ក្រោយ បន្ទាប់ពីទទួលការវះកាត់ កាលពីថ្ងៃព្រហស្បតិ៍។

«គាត់មានចង្វាក់បេះដូងលោតខ្សោយ ដែលជាបញ្ហាចង្វាក់បេះដូងតូចតាច», នេះបើតាមសម្តីលោក Nagelsmann បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មាន។ «គាត់មានខ្យល់ដង្ហើមតិចជាងធម្មតាបន្តិច។ នេះជាមូលហេតុដែលយើង សម្រេចចិត្តធ្វើការវះកាត់។ គាត់ត្រូវបានវះកាត់ កាលពីថ្ងៃម្សិលមិញ»។

ក្លិបម្ចាស់ពានរង្វាន់ Bayern Munich, ជាមួយនឹងការឈ្នះ៣ប្រកួត ពីការប្រកួតបើកឆាកចំនួន៤លើក នៅលីគ Bundesliga នោះ, នឹងត្រូវប្រកួតតទល់នឹងក្រុម VfL Bochum នាថ្ងៃសៅរ៍សប្តាហ៍នេះ បន្ទាប់ពីការយកឈ្នះលើក្រុម Barcelona៕