(ឡូសអេនជឺឡេស)៖ Los Angeles, ជាទីក្រុងធំជាងគេបង្អស់ លំដាប់ទី២ របស់សហរដ្ឋអាមេរិក, បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ពីការចូលរួមជាផ្លូវការរបស់ខ្លួន ក្នុងការចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក (World Cup) ក្នុងឆ្នាំ២០២៦, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

ព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំ២០២៦ គ្រោងនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក, កាណាដា និងម៉ិកស៊ិក។ វានឹងក្លាយជាការប្រកួតដំបូង ដែលមានក្រុមចូលរួម ចំនួន៤៨ក្រុម។

នៅក្នុងវីដេអូដេញថ្លៃ ដែលចេញផ្សាយដោយគណៈកម្មាធិការ រៀបចំការប្រកួតបាល់ទាត់ពិភពលោក ទីក្រុង Los Angeles, អតីតកីឡាករក្លិប Los Angeles Galaxy និងជាតារាបាល់ទាត់ជម្រើសជាតិអាមេរិក លោក Cobi Jones បានហៅទីក្រុងនេះថា ជា «ទីក្រុងបាល់ទាត់» ដោយនិយាយថា «គ្មានកន្លែងណាល្អជាង នៅសហរដ្ឋអាមេរិក ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនោះទេ»។

គួររំលឹកថា ព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្ត FIFA World Cup Final ក្នុងឆ្នាំ១៩៩៤ ត្រូវបានធ្វើឡើងនៅពហុកីឡដ្ឋាន Rose Bowl នាទីក្រុង Pasadena, ជាទីក្រុងជិតខាងរបស់ទីក្រុង Los Angeles, ជាទីកន្លែងដែលក្រុមជម្រើសជាតិប្រេស៊ីល បានយកឈ្នះលើក្រុមអ៊ីតាលី ក្នុងវគ្គស៊ុតបាល់ប៉េណាល់ទី៕