(ចិន)៖ រដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសឱ្យដឹងថា គិតត្រឹមចុងខែសីហាកន្លងទៅនេះ ទីក្រុងប៉េកាំងមានស្ថានីយតភ្ជាប់បណ្ដាញអ៊ីនធើណែត បច្ចេកវិទ្យា 5G រហូតដល់ទៅ ៤៥០០០ទីតាំង និងអាចបម្រើសេវាកម្មទៅកាន់អ្នកប្រើប្រាស់ប្រមាណជា ១២លាននាក់។ នេះបើយោងតាម ការ ចេញផ្សាយរបស់សារព័ត៌មានស៊ិនហួរចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

ការិយាល័យទទួលបន្ទុកកិច្ចការងារទំនាក់ទំនងរបស់ទីក្រុងប៉េកាំង បានបញ្ជាក់បន្ថែមទៀតថា មានស្ថានីយ៍ចំនួន ២០ទីតាំង បានផ្ដល់សេវាកម្មសេវា 5G ទៅដល់ពលរដ្ឋក្រុងប៉េកាំងយ៉ាងហោចណាស់ ១០០០០នាក់ ខណៈដែលល្បឿននៃការប្រើប្រាស់អ៊ីនធើណេតគឺលឿន និងមិនមែនជា ក្ដីបារម្ភ សម្រាប់ អ្នកប្រើប្រាស់នោះទេ។

លោក Su Shaolin ប្រធានការិយាល័យទទួលបន្ទុកកិច្ចការងារទំនាក់ទំនងរបស់ទីក្រុងប៉េកាំង បានឱ្យដឹងថា នៅពេលនេះ គ្រប់ទីកន្លែងក្នុងទីក្រុងប៉េកាំងគឺត្រូវបានគ្របដណ្តប់ទៅដោយបណ្តាញបច្ចេកវិទ្យា 5G ដោយក្នុងនោះនៅតាមក្រសួង មន្ទីរសំខាន់ៗ បួករួមទាំងមជ្ឈមណ្ឌលសាធារណរបស់រដ្ឋទាំងអស់ គឺសុទ្ធតែអាចប្រើប្រាស់អ៊ីនធើណែត 5G បាន ហើយវាក៏បានជួយជំរុញវិស័យគោលសំខាន់ៗដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យទេសចរណ៍ និងឧស្សាហកម្មអ៊ីនធើណេតឱ្យមាន ដំណើរការល្អទៀតផង។

ចិនគឺជាប្រទេសមួយដែលឈានមុខគេលើបច្ចេកវិទ្យា 5G ដោយគិតត្រឹមពេលនេះ មានស្ថានីយ 5G សរុបចំនួន ៨១៩០០០ទីតាំង នៅទូទាំង ប្រទេស ពោលគឺស្មើនឹង ៧០ភាគរយនៃស្ថានីយ 5G ដែលកំពុងដំណើរការនៅទូទាំងពិភពលោក។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនចិន Huawei គឺជាអ្នកបង្កើតបច្ចេកវិទ្យា 5G នេះមុនគេ ប៉ុន្តែត្រូវបានអាមេរិកដាក់ទណ្ឌកម្ម និងបានហាមឃាត់ ការ ប្រើប្រាស់ 5G របស់ Huawei នៅអាមេរិក និងបណ្ដាប្រទេសមួយចំនួនដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកទៀតផង៕