(ភ្នំពេញ)៖ ក្រុមភ្នំពេញក្រោន នឹងផ្ដោតលើការរៀបចំប្រព័ន្ធការពារ ដើម្បីទប់ស្កាត់ខ្សែការពារស្នូលរបស់ក្រុមព្រះខ័នរាជស្វាយរៀង ២រូប គឺ Privat និង Mika ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជានាវេលាម៉ោង ៦ល្ងាចនេះនៅកីឡដ្ឋានខេត្តស្វាយរៀង។

លោក Oleg Starynskyi គ្រូបង្វឹកក្រុមសិង្ហក្រហមបានបញ្ជាក់ថា ខ្សែប្រយុទ្ធកាមេរ៉ូន Privat និងខ្សែប្រយុទ្ធអេស្ប៉ាញ Mika គឺអាវុធដ៏សំខាន់របស់ក្រុមព្រះខ័នរាជស្វាយរៀង ដែលកំពុងតែបង្ហាញទម្រង់លេងបានយ៉ាងល្អ ហើយក៏តែងតែរកគ្រាប់បាល់បានស្ទើរតែគ្រប់ការប្រកួតទាំងអស់របស់គេផងដែរ។

គ្រូបង្វឹកសញ្ជាតិសញ្ជាតិអ៊ុយក្រែនដដែលបន្ដថា «ស្វាយរៀង គឺពឹងផ្អែកលើកីឡាករទាំង ២រូបនេះ ពួកគេទាំង២ មានគុណភាពរៀងៗខ្លួនក្នុងការកែប្រែស្ថានភាពលើទីលាន ដូច្នេះសម្រាប់យើងគឺយើងត្រូវរៀបចំតំបន់ការពាររបស់យើងជាក្រុម»

យ៉ាងណាមិញ លោក Oleg នៅតែមានសុទិដ្ឋិនិយមចំពោះការប្រកួតនេះ ដោយចាត់ទុកជាការប្រកួតដ៏ល្អសម្រាប់ក្រុមខ្លួន ដោយលោកនិយាយថា «វាជាការប្រកួតប្រជែងមួយដ៏ល្អ។ ការប្រកួតរបៀបនេះគឺធ្វើឲ្យកីឡាករទាំងអស់មានកម្លាំងចិត្តខ្លាំងបន្ថែមទៀត ដើម្បីបង្ហាញគុណភាពនៃការលេងរបស់គេលើទីលានជាមួយនឹងការរៀបចំយ៉ាងរឹងមាំ»

គួរដឹងថា ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្នំពេញក្រោនវិញម្ដងល្ងាចនេះ បន្ទាប់ពីជួបគ្នាជើងទី១ ក្រុមទាំងពីរ បានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ៣-៣ នៅកីឡដ្ឋាន RSN។ ប៉ុន្ដែថ្ងៃនេះ ក្រៅពីគូពិសេសនេះ ក៏មានគូជក់ចិត្ត ២គូទៀតដែលជាបេក្ខភាពក្រុម Top-8 ដូចគ្នាផងដែរ គឺក្រុមវិសាខា ត្រូវជួបបឹងកេត នៅកីឡដ្ឋានព្រីនស៍ និងក្រុមណាហ្គាវើលដ៏ ជួបអង្គរថាយហ្គឺរ នៅកីឡដ្ឋានស្ដាតចាស់នាវេលាម៉ោង ៣៖៣០នាទីរសៀលដូចគ្នា៕