(បាងកក)៖ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ល្បី និងធំរបស់តៃវ៉ាន់ Hon Hai Precision Industry Co ដែលភាគច្រើនត្រូវបានគេស្គាល់ឈ្មោះថា Foxconn បានប្រកាសពីកិច្ចសហការជាមួយនឹងក្រុមហ៊ុនយក្សរបស់ប្រទេសថៃ PTT Plc ក្នុងការ បង្កើតរោងចក្ររថយន្តអគ្គិសនី។

យោងតាមការចេញផ្សាយរបស់សែតបាងកកប៉ុស្ដិ៍ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរនេះ បាន សហការ គ្នា អភិវឌ្ឍទីតាំងផលិតរថយន្តអគ្គិសនី ដែលមានតម្លៃចន្លោះពី ១ ទៅ២ពាន់លានដុល្លារអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Eastern Economic Corridor។

កាលពីខែឧសភាកន្លងទៅនេះ ក្រុមហ៊ុនប្រេង និងឧស្ម័នរបស់ថៃ PTT Plc និង Foxconn បានពិភាក្សា និងសិក្សាទៅលើគម្រោងមួយនេះ ព្រមទាំងបានឯកភាពទៅកិច្ចព្រមព្រៀងដែលមានទឹកប្រាក់រហូតដល់ ២ពាន់លានដុល្លារអាមេរិកនេះ។

រោងចក្រមួយនេះគឺនឹងដើរតួនាទីយ៉ាងសំខាន់ទៅលើការរចនា ផលិត និងផ្គុំនូវផលិតផលរបស់រថយន្តអគ្គិសនី។ អាចនិយាយបានថា វាទីកន្លែង មួយសម្រាប់ឡើងរថយន្តអគ្គិសនី ជាមួយនឹងលទ្ធភាព ៥០០០០គ្រឿងក្នុងមួយឆ្នាំ និងកើនដល់ ១៥០០០០នៅឆ្នាំបន្ទាប់។

នៅក្នុងកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរនេះ គឺ Foxconn ជាអ្នកទទួលបន្ទុកទៅលើបច្ចេកទេសនៃការផលិត និងផ្គុំគ្រឿងបរិក្ខា ចំណែក PTT Plc ជាអ្នកទទួលខុសត្រូវលើប្រតិបត្តិការអាជីវកម្មផ្សេងៗ៕