(ភ្នំពេញ)៖ បន្ទាប់ពីរងបរាជ័យយ៉ាងចាស់ដៃក្នុងដី ៥-១ កាលពីសប្ដាហ៍មុន ក្រុមការពារតំណែងជើងឯកបឹងកេតបានសងសឹកក្រុមវិសាខាបានវិញហើយ ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី២ នៅកីឡដ្ឋានព្រីនស៍នាល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ ដែលនាំឲ្យវិសាខា បានស្គាល់ពាក្យចាញ់លើកដំបូងក្នុងរដូវកាលនេះ។

ជំនួបសងសឹកដ៏កក្រើកនេះ ក្រុមនាគខៀវបឹងកេតបានបើកការនាំមុខក្រុមវិសាខា ២គ្រាប់មុននៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ ចាន់ វឌ្ឍនាកា ទាំង ២គ្រាប់នៅនាទី២៥ និងនាទី៣០។ ចំណែកក្រុមម្ចាស់ផ្ទះវិសាខាក៏បានព្យាយាមវាយសម្រុកផងដែរ តែមិនអាចបំប៉ោងសំណាញ់ទីក្រុមភ្ញៀវបានឡើយបានត្រឹមប៉ះរបាទី ២ដងប៉ុណ្ណោះ។

ចូលវគ្គទី២ ក្រុមទាំងពីរបានបើកវាយសម្រុកគ្នាកាន់តែខ្លាំង ពិសេសវិសាខាបានផ្លាស់ប្ដូរកីឡាករថ្មី ៣រូបដូចជា Cristian Alex, Lee Jaegun និង ទេស សម្បត្តិ ក្នុងនោះ Alex រកបាន ១គ្រាប់ឲ្យក្រុមម្ចាស់ផ្ទះនៅនាទី៥៨ ហើយជាគ្រាប់បាល់វាយបកតែ ១គ្រាប់គត់ ខណៈបឹងកេត ក៏មិនអាចស្វែងរកគ្រាប់បាល់បន្ថែមបានដែរ រហូតអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតតែម្ដង។

ជ័យជម្នះរបស់ក្រុមជើងឯក ៤សម័យនេះបានធ្វើឲ្យអ្នកគាំទ្រក្រុមនាគខៀវ សប្បាយចិត្តជាខ្លាំងដែលក្រុមរបស់ខ្លួន បានសងសឹកក្រុមកំពូលតារាងវិសាខាវិញភ្លាមៗ ក្រោយរងបរាជ័យក្នុងដី ៥-១ កាលពីសប្ដាហ៍មុន ហើយបឹងកេត ក៏ក្លាយជាក្លិបដំបូង ដែលបានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមវិសាខាផងដែរ។

ដោយឡែកការប្រកួត Top-8 មួយគូទៀត នៅកីឡដ្ឋានស្ដាតចាស់វិញ ក្រុមណាហ្គាវើលដ៏ បានយកឈ្នះក្រុមភ្ញៀវអង្គរថាយហ្គឺរ ដោយលទ្ធផល ៤-២ ខណៈជើងទី១ ក្រុមលោក មាស ចាន់ណា បានយកឈ្នះក្រៅដី ១-០។ ៤គ្រាប់របស់ក្រុមណាហ្គា រកបានដោយកីឡាករ Marcio ២គ្រាប់, គួច ដានី និង សុះ ស៊ូហាណា។ រីឯ ២គ្រាប់របស់អង្គរថាយហ្គឺរ ធ្វើសម្រេចដោយ ឡុង ម៉េងហាវ និង Da Cruz។

ផ្អែកលើលទ្ធផល ២គូខាងលើ បច្ចុប្បន្នវិសាខា នៅរក្សាកៅអីកំពូលតារាង និងមាន ២៨ពិន្ទុ ស្មើក្រុមភ្នំពេញក្រោន និងណាហ្គាវើលដ៏ តែត្រូវចាំអ៊ុតលទ្ធផលប្រកួតរវាងភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀងនាវេលាម៉ោង ៦ល្ងាចនេះ។ បើសិនភ្នំពេញក្រោនឈ្នះ កៅអីកំពូលតារាងបានទៅភ្នំពេញក្រោន តែបើព្រះខ័នរាជស្វាយរៀងឈ្នះ វិសាខានៅតែបន្ដឈរកំពូលតារាង។ រីឯក្រុមបឹងកេត ឡើងមកឈរលេខ៤ បណ្ដោះអាសន្ន និងមាន ២៧ពិន្ទុក្នុងដៃ៕