(ប៉ារីស)៖ កីឡាករ Kylian Mbappe ត្រូវបានគេដាក់បញ្ចូលក្នុងក្រុម Paris St Germain សម្រាប់ការប្រកួតលីគ Ligue 1 នៅថ្ងៃអាទិត្យស្អែកនេះ ក្នុងការធ្វើជាម្ចាស់ផ្ទះ ប៉ះក្រុម Olympique Lyonnais បន្ទាប់ពីបានរងរបួសកជើង នៅក្នុងការប្រកួតលីគ Champions League ក្នុងសប្តាហ៍នេះ ទោះបីជាគាត់នឹងត្រូវធ្វើតេស្ត នៅនាទីចុងក្រោយក៏ដោយ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

គ្រូបង្វឹក Mauricio Pochettino បានលើកឡើងថា ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានជាសះស្បើយវិញហើយ ពីបញ្ហារបួស ដែលបានកើតឡើង ក្នុងការប្រកួតលទ្ធផលស្មើ១-១ ជាមួយក្រុម Club Brugge កាលពីថ្ងៃពុធ។

«គាត់បានធ្វើការហ្វឹកហាត់ ជាមួយមិត្តរួមក្រុម ដោយការប្រុងប្រយ័ត្ន។ យើងរីករាយ ជាមួយនឹងការវិវត្តន៍ ហើយថ្ងៃស្អែកយើងនឹងបានឃើញ ពីការទទួលខុសត្រូវរបស់គាត់», នេះបើតាមសម្តីលោក Pochettino បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃសៅរ៍នេះ។

ជាមួយគ្នានោះ កីឡាករ Lionel Messi ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមជាមួយកីឡាករ Neymar សម្រាប់ការប្រកួតលើកដំបូងរបស់លោក នៅឯពហុកីឡដ្ឋាន Parc des Princes បន្ទាប់ពីចូលរួមប្រកួតបាន៣០នាទី ក្នុងលទ្ធផលឈ្នះ២-០ លើក្រុម Stade de Reims កាលពីខែមុន និងលេងពេញម៉ោង ក្នុងការប្រកួតប៉ះនឹងក្រុម Brugge។

ក្លិបមានមូលដ្ឋាននៅរដ្ឋធានីរបស់បារាំងមួយនេះ នឹងគ្មានម្តងទៀត នូវវត្តមានខ្សែការពារផ្នែកកណ្តាល Sergio Ramos អតីតលេងនៅ Real Madrid ខណៈកំពុងជាសះស្បើយ ពីបញ្ហារបួសភ្លៅខាងឆ្វេង និងកីឡាករខ្សែបម្រើ Marco Verratti ដែលមិនទាន់មានសុខភាពល្អឡើងវិញ បន្ទាប់ពីរងរបួសជង្គង់ ក្នុងកាតព្វកិច្ចអន្តរជាតិ ជាមួយក្រុមជម្រើសជាតិអ៊ីតាលី៕