(ភ្នំពេញ)៖ កីឡាករម៉ូតូទឹកដ៏ឆ្នើមកម្ពុជា សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ នៅល្ងាចថ្ងៃទី១៨ ខែកញ្ញានេះ បានដឹកនាំសិស្សប្អូន ២រូប រួមមានកីឡាករ មីន អូស្មាន និង កៃ វ៉ាន់ស៊ីដែន ចេញទៅប្រទេសអាល្លឺម៉ង់ មុនបន្ដដំណើរទៅបោះជុំរុំហ្វឹកហាត់ នៅប្រទេសអូទ្រីស ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ។

បេសកកម្មបោះជុំរុំហ្វឹកហាត់នៅអឺរ៉ុបនេះ គេឃើញមានការជូនដំណឹងផ្ទាល់ពីលោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ហើយលោកបានផ្ដល់នូវការលើកទឹកចិត្តយ៉ាងកក់ក្ដៅ ចំពោះក្រុមកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សម្រាប់ការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្ដខ្ពស់ ក្នុងការចេញទៅហ្វឹកហាត់នៅប្រទេសអូទ្រីសនាពេលនេះ ។

លោក ណុះ ស្លេះ បានមានប្រសាសន៍ថា កីឡាករម៉ូតូទឹកកម្ពុជា បានខំប្រឹងធ្វើដំណើរពីក្លិបនៅប្រទេសថៃ មកកម្ពុជា ដើម្បីស្វះស្វែងរកមធ្យោបាយបានទៅចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនៅអឺរ៉ុបចំនួនពីរ ប៉ុន្ដែដោយសារបញ្ហាកូវីដ-១៩ បានធ្វើឲ្យការផ្ដល់ទិដ្ឋាការរបស់ស្ថានទូតមានការយឺតយ៉ាវ និងធ្វើឲ្យពួកគេខកខានការចូលរួមទៅវិញ ។ តែយ៉ាងណាកីឡាករម៉ូតូទឹកកម្ពុជា ពិសេស សាលី អ៊ូមើត មិនបោះបង់ការចេញទៅស្វែងរកបទពិសោធ និងពង្រឹងសមត្ថភាពខ្លួននៅតំបន់អឺរ៉ុបបន្ថែមនោះទេ ។

លោកថា «កីឡាកររបស់យើង ពិសេសដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត គាត់មានការប្ដេជ្ញាចិត្តខ្ពស់ គាត់ត្រូវតែទៅ ដើម្បីធ្វើការហ្វឹកហាត់ជាមួយម៉ូតូថ្មី និងបន្សាំជាមួយម៉ូតូថ្មី ត្រៀមការប្រកួតក្នុងព្រឹត្តិការណ៍ថ្មីៗទៀត ពិសេសគឺការដកពិសោធន៍ថ្មីៗ រៀនអំពីទិចនិច និងបច្ចេកទេសថ្មីៗជាមួយគ្រូកម្រិតអន្ដរជាតិនៅប្រទេសអូទ្រីស ដែលគាត់នឹងជួយបង្ហាត់បង្ហាញកីឡាករយើង ដើម្បីជួយឲ្យមានឧត្តមភាព និងពង្រឹងសមត្ថភាពកាន់តែជឿជាក់សម្រាប់ដណ្ដើមមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា» ។

កីឡាករ សាលី អ៊ូមើត លើកឡើងថា «ពួកយើងចេញទៅនេះ មិនមែនទៅប្រកួតនោះទេ តែយើងទៅ ដើម្បីហ្វឹកហាត់ ដកស្រង់បទពិសោធ និងបច្ចេកទេសផ្សេងៗបន្ថែម ក្នុងការត្រៀមលក្ខណៈឲ្យបានរួចរាល់សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ។ ចំពោះខ្ញុំផ្ទាល់ មិនជាបញ្ហាចោទទេ ខ្ញុំអាចហាត់កន្លែងណាក៏បាន តែអ្វីដែលសំខាន់ ខ្ញុំចង់ឲ្យកីឡាករវ័យក្មេងរបស់យើង ពួកគាត់បានហ្វឹកហាត់ និងមានការប្រកួតប្រជែងថ្មី ជាមួយកីឡាករលំដាប់ពិភពលោកនៅអឺរ៉ុប ដើម្បីដុះខាត និងអភិវឌ្ឍន៍សមត្ថភាព សម្រាប់ត្រៀមស៊ីហ្គេមនៅប្រទេសយើង» ។

គួរដឹងថា មុនឈ្នះមេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី សាលី អ៊ូមើត ក៏បានចេញទៅហាត់នៅអូទ្រីសដែរ តែលើកនេះ រូបគេបាននាំកីឡាករវ័យក្មេង ២រូបទៅហ្វឹកហាត់ជាមួយ ។ ពិសេស អ៊ូមើត នឹងបានធ្វើការហ្វឹកហាត់លើកដំបូងជាមួយម៉ូតូទឹកថ្មីរបស់ខ្លួន ដែលបានកម្មង់ទិញខ្ទង់ ១ឆ្នាំមកហើយ ដើម្បីត្រៀមការប្រកួតម៉ូតូទឹកពិភពលោក Jet Ski World Series 2021-2022 ដែលបានប្រកួតជុំទី១ នៅប្រទេសប៉ូឡូញ កាលពីខែកក្កដាកន្លងទៅ តែរូបគេបានខកខានការប្រកួតទៅវិញ បន្ទាប់ពីរាំងស្ទះ ដោយសារបញ្ហាកូវីដ-១៩

លោក ណុះ ស្លេះ បានសម្ដែងការអរគុណចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់ក្រុមកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា ហើយក្នុងនាមសហព័ន្ធ លោកបានប្ដេជ្ញាគាំទ្រអស់ពីលទ្ធភាព ដើម្បីដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា និងការប្រកួតអន្ដរជាតិនានា ។ លើសពីនេះ លោកបានថ្លែងអំណរគុណ ចំពោះការផ្ដល់ភាពកក់ក្ដៅ និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាប្រធានក្លិប និងគ្រូបង្វឹករបស់ក្រុមកីឡាករម៉ូតូទឹកកម្ពុជាផ្ទាល់ ដែលធ្វើឲ្យពួកគេកាន់តែមានលទ្ធភាព និងភាពកក់ក្ដៅ ក្នុងការខិតខំប្រឹងប្រែងហ្វឹកហាត់ ឆ្ពោះទៅដណ្ដើមមេដាយជូនជាតិបន្ថែមទៀត ៕