(ម៉ុនធីវីដេអូ)៖ កីឡាករខ្សែប្រយុទ្ធ Luis Suarez និង Edinson Cavani បានវិលត្រឡប់ទៅចូលរួមជាមួយក្រុមជម្រើសជាតិអ៊ុយរូហ្គាយវិញ សម្រាប់ការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០២២ ដែលត្រូវប៉ះក្រុមកូឡុំប៊ី, អាហ្សង់ទីន និងប្រេស៊ីល។ នេះបើតាមការបញ្ជាក់ពី សមាគមបាល់ទាត់អ៊ុយរូហ្គាយ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

កីឡាករ Suarez ខ្សែប្រយុទ្ធរបស់ក្លិប Atletico Madrid បានជាសះស្បើយពីបញ្ហារបួសជង្គង់ ដែលបានធ្វើឲ្យរូបលោកអវត្តមានចំនួន ៣ប្រកួត របស់ក្រុមអ៊ុយរូហ្គាយ ក្នុងការប្រកួតជម្រុះ World Cup កាលពីដើមខែមុន។

គ្រូបង្គោល Oscar Tabarez ក៏បានហៅមកវិញនូវកីឡាករ Sebastian Coates ខ្សែការពាររបស់ក្លិប Sporting Lisbon និងខ្សែប្រយុទ្ធក្លិប Benfica កីឡាករ Darwin Nunez នៅក្នុងបញ្ជីកីឡាករ ៣០រូបផងដែរ។

ក្រុមអ៊ុយរូហ្គាយ នឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវកូឡុំប៊ី នៅថ្ងៃទី០៧ ខែតុលា មុនពេលទៅជួបអាហ្សង់ទីន និងប្រេស៊ីល នៅថ្ងៃទី១០ និងទី១៥ ខែតុលាខាងមុខ។

ម្ចាស់ពានរង្វាន់ World Cup ២លើកមួយនេះ បច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី៣ ក្នុងចំណោម ១០ក្រុមនៃការប្រកួតជម្រុះនៅតំបន់អាមេរិកខាងត្បូង ជាមួយនឹង ១៥ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ៩ប្រកួត៕