(ភ្នំពេញ)៖ ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ Special Volleyball Challenge 2021 លើកដំបូង ដែលជាការប្រកួត ៤ស្មើ (៤នាក់ ទល់នឹង ៤នាក់) គ្រោងនឹងដំណើរការប្រកួតផ្លូវការនាសប្ដាហ៍ក្រោយនេះហើយ បន្ទាប់ពីទទួលបានការគាំទ្រ និងអនុញ្ញាតពីសហព័ន្ធកីឡាបាល់ទះកម្ពុជា ខណៈគណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ បានពន្យល់មូលហេតុមួយចំនួនដែលជំរុញឲ្យគណៈកម្មការរៀបចំការប្រកួត ៤ស្មើនេះឡើង ដោយមិនរៀបចំការប្រកួតលក្ខណៈស្ដង់ដារ ៦ស្មើដូច្នេះ។

លោកបណ្ឌិត អាំង សេរីពិសិដ្ឋ ប្រធានគណៈកម្មការរៀបចំការប្រកួតបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា ដោយទទួលបានការអនុញ្ញាតពីសហព័ន្ធ ការប្រកួតនេះរៀបចំក្នុងគោលបំណងដកស្រង់បច្ចេកទេសថ្មីៗ និងផ្ដល់ឱកាសឲ្យកីឡាករគ្រប់រូបបានបង្ហាញសមត្ថភាពរបស់ខ្លួន ព្រមទាំងបំផុសការគាំទ្រពីមហាជន ព្រោះការប្រកួតក្រៅប្រព័ន្ធកន្លងមក មិនទាន់មានការរៀបចំស្តង់ដារត្រឹមត្រូវ។ ដូច្នេះគណៈកម្មការនឹងរៀបចំគោលការណ៍ និងស្ដង់ដាររួមមួយស្របតាមលក្ខណៈបច្ចេកទេសក្នុងការប្រកួតនេះ។

ជាមួយការរៀបចំការប្រកួត ៤ស្មើនេះ ប្រធានគណៈកម្មការខាងលើពន្យល់ថា «មានគេសួរថា ម៉េចបានមិនរៀបចំការប្រកួតស្ដង់ដារ ៦ទល់៦? ខ្ញុំសួរត្រឡប់វិញថា ម៉េចមិនអាចរៀបចំលក្ខណៈ ៤ទល់៤ បាន? ជាឧទាហរណ៍ ការប្រកួតបាល់ទះឆ្នេរខ្សាច់មានការប្រកួត ១ទល់១ តែក្រោយមកមានការប្រែប្រួល ២ទល់២ និងមកទល់បច្ចុប្បន្នមានការប្រកួត ៤ទល់៤ហើយ។ អញ្ចឹងហេតុអ្វីបាល់ទះក្នុងសាលយើង មិនអាចប្រែប្រួលបានពី ៦ទល់៦ មក ៤ទល់៤ បើយើងរៀបចំក្នុងលក្ខណៈបច្ចេកទេសសុទ្ធសាធ មានក្រិត្យក្រមត្រឹមត្រូវ»។

ដោយឡែកលោក ទែន ឡន នាយកបច្ចេកទេសបានបញ្ជាក់ថា ទោះនេះជាការប្រកួត ៤ស្មើ តែគណៈកម្មការមានគោលការណ៍ច្បាស់លាស់ ពិសេសចង់កែនូវទម្លាប់មិនល្អក្នុងការប្រកួតក្រៅផ្លូវការ មកលេងលក្ខណៈស្ដង់ដារមួយមុនឈានទៅរកការប្រកួត ៦ស្មើ។ លោកថា «យើងសង្ឃឹមថា កីឡាករលេងត្រូវតាមបច្ចេកទេសកីឡាបាល់ទះឡើងវិញ ព្រោះកន្លងមកមានការចាប់បោះ ដែលធ្វើឲ្យខុសស្តង់ដារ។ ការលេង ៤ស្មើនេះ ក្នុងការអភិវឌ្ឍន៍បច្ចេកទេស យើងរំពឹងថាតួនាទីកីឡាករដែលលេងប្រយុទ្ធ គាត់បន្ថែមការងារមួយទៀតជាអ្នកទទួលសេវា។ បើលេង៦ស្មើ ពេលខ្លះគាត់មិនទាន់ទទួលសេវាម្តងផង»។

ចំពោះការប្រកួតពានរង្វាន់បាល់ទះ Special Volleyball Challenge 2021 គ្រោងដំណើរការប្រកួតពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី១០ ខែតុលាខាងមុខ នៅទីលានកីឡដ្ឋានព្រីនស៍ ខណៈការទទួលពាក្យ នឹងបិទនៅថ្ងៃទី២២-កញ្ញា ដោយកំណត់ប្រមាណ ១២ក្រុមចូលរួម។ ចំពោះក្រុមជយលាភី លេខ១ នឹងទទួលបានប្រាក់រង្វាន់ ១០លានរៀល, លេខ២ ទទួលបាន ៨លានរៀល និងលេខ៣ ទទួលបាន ៦លានរៀល រួមទាំងប្រាក់រង្វាន់ផ្សេងៗទៀត។ រីឯការប្រកួតបែងចែកជាវគ្គជម្រុះតាមពូល វគ្គ ៨ក្រុមចុងក្រោយ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។

យ៉ាងណាមិញដោយសារការប្រកួតរៀបចំឡើងក្នុងបរិបទកូវីដ-១៩ ដូច្នេះគណៈកម្មការបានតម្រូវឲ្យប្រតិភូ គ្រូបង្វឹក និងកីឡាករគ្រប់ក្រុមដែលបានដាក់ពាក្យចូលរួម ត្រូវគោរពដាច់ខាតនូវបទបញ្ជាការប្រកួត ពិសេសគោរពតាមវិធានការសុខាភិបាល ជាក់ស្ដែងមុនការប្រកួតនីមួយៗ គ្រប់ក្រុមទាំងអស់ ត្រូវបានកំណត់ឲ្យធ្វើតេស្ដរកជំងឺកូវីដ-១៩ ចំនួន ២ថ្ងៃមុនការប្រកួតម្ដង និងធ្វើតេស្ដថ្ងៃប្រកួតម្ដងទៀត ដើម្បីរក្សាសុវត្ថិភាព និងបង្ការនូវការរីករាលដាលនៃជំងឺរាតត្បាតជាសកលនេះ៕