(ប៉ារីស)៖ ក្រោយប្រកាសដាក់លក់ជាផ្លូវការ ចាប់តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១មក ក្លិបបាល់ទាត់ ASSE (AS Saint-Etienne) ប្រហែលជានឹងបានរកឃើញម្ចាស់ថ្មីហើយ ដែលម្ចាស់ថ្មីនោះ គឺជាសែរាជវង្សរបស់កម្ពុជាមួយអង្គ។

តាមការផ្សាយដោយសារព័ត៌មានដ៏ល្បីៗដូចជា Le Parisien, Yahoo Sport និង Archysport នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានដាក់សំណើចំនួន ១០០ លានអឺរ៉ូ កាលពីថ្ងៃសុក្រ ដល់ធនាគារ KPMG បញ្ជាក់ពីបំណងធ្វើជាម្ចាស់ក្លិប AS Saint-Etienne ។ ក្រុមប្រឹក្សាភិបាល របស់ក្លិប Saint-Etienne មិនទាន់មានប្រតិកម្មអ្វីនៅឡើយទេ ហេតុដូច្នេះការពិភាក្សាអាចនឹងចាប់ផ្តើមនៅថ្ងៃខាងមុខឆាប់ៗនេះ។

សារព័ត៌មានបារាំង បានបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ គឺចៅប្រុសរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ដែលទ្រង់ក៏ស្រឡាញ់ប្រទេសបារាំង ដូចជីតាទ្រង់ដែរ ហើយសម្តេចតា គឺជាមិត្តភក្តិផ្ទាល់របស់ឧត្តមសេនីយ៍ ដឺហ្គោល៕