(ក្រុងឡុងដ៍)៖ លោក Jimmy Greaves ដែលជាអ្នកជួយឲ្យអង់គ្លេសឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ១៩៦៦ និងជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស បានទទួលមរណភាពក្នុងអាយុ ៨១ឆ្នាំ។ នេះបើតាមការផ្សាយដោយ CNN នៅយប់ថ្ងៃអាទិត្យនេះ។

វីរបុរសរបស់ក្រុមមាន់ខ្នាយមាស Tottenham Spurs និងជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតរបស់ក្លឹបផងដែរនោះ រកបាន ២៦៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៧៩ដង ចន្លោះឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៧០ ដែលជួយឱ្យ Spurs ឈ្នះពានរង្វាន់ FA Cup ចំនួន ២ដង។

សម្រាប់ជម្រើសជាតិអង់គ្លេស Greaves គឺជាសមាជិកក្រុមជម្រើសជាតិ ដែលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ១៩៦៦ ហើយក្នុងនាមជាកីឡាករឆ្នើម គាត់ស៊ុតបញ្ចូលទីបាន ៤៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៥៧លើក។

ក្រុមជម្រើសជាតិអង់គ្លេស និងក្លិបនានានៅអង់គ្លេស ជាពិសេស Spurs បានបង្ហាញពីការសោកស្តាយ ចំពោះមរណភាពព្រឹទ្ធាចារ្យបាល់ទាត់រូបនេះ។

Tottenham បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងមានការសោកស្តាយយ៉ាងខ្លាំងដែលបានដឹងអំពីការស្លាប់របស់ Jimmy Greaves ដែលគាត់មិនត្រឹមតែជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Tottenham Hotspur នោះទេ តែជាអ្នកបញ្ចប់ទី ដ៏ពូកែបំផុត»៕