(ក្រុងឡុងដ៍)៖ Cristiano Ronaldo និង Jesse Lingard រកបានម្នាក់ ១គ្រាប់ឲ្យ Manchester United ដូចគ្នាលើជ័យជម្នះ ២-១ ទៅលើក្រុមម្ចាស់ផ្ទះញញួរធំ West Ham United នៃសប្តាហ៍ទី៥ នៅ Premier League រដូវកាល ២០២១-២០២២។

ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ Ronaldo រកបានគ្រាប់ទី៤ ក្នុងចំណោម ៣ប្រកួតឲ្យក្លិបថ្មី Man Utd នៅនាទី៣៥ នៅក្រោយពេល Said Benrahma រកបានគ្រាប់នាំមុខទើបតែបាន ៥នាទីប៉ុណ្ណោះ។

តែយ៉ាងណា Jesse Lingard ដែលទើបផុតកិច្ចសន្យាខ្ចីជើងដ៏ជោគជ័យជាមួយ West Ham នារដូចមុននោះ បន្តរកបានគ្រាប់ជ័យជម្នះដែលស៊ុតទៅលើក្លិបចាស់របស់គេនៅនាទី៨៩ ក្រោយត្រូវបានប្តូរចូលនៅវគ្គទី២ រួចមក គ្រាដែល Mark Noble ក៏មានឱកាសទាត់បាល់ ១១ម៉ែត្រតាមស្មើផងដែរ តែត្រូវបាន David De Gea ជួយសង្រ្គោះបាន ដែលជាការ Save បាល់បានលើកដំបូងនៅ Premier League គិតចាប់តាំងពីឆ្នាំ២០១៤ ក្នុងចំណោម ២២គ្រាប់នាពេលកន្លងមក។

តាមរយៈជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Ole Gunnar Solskjaer បន្តលេងមិនចាញ់នៅលីគកំពូលអង់គ្លេសរដូវកាលនេះ ក្រៅពីឈ្នះ៤ និងស្មើ១ គ្រាដែលគូប្រជែង West Ham United របស់លោក David Moyes ស្គាល់រសជាតិចាញ់លើកដំបូង៕