(ភ្នំពេញ)៖ ការប្រកួតកីឡាប្រដាល់សកល Ultimate Boxing Championship 2021 ដែលរៀបចំផ្ទាល់ដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបើកការប្រកួតសប្ដាហ៍ទី១ របស់ខ្លួនជាផ្លូវការហើយនៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស ខណៈមន្ដ្រីសហព័ន្ធរំពឹងការប្រកួតនេះ នឹងក្លាយជាឱកាសល្អក្នុងការពង្រឹង និងអភិវឌ្ឍសមត្ថភាពបច្ចេកទេសរបស់កីឡាករត្រៀមការប្រកួតលក្ខណៈអន្ដរជាតិ ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតសប្ដាហ៍ដំបូងនេះបានបញ្ចប់ដោយរលូន ទោះមានបញ្ហាបច្ចេកទេសបន្ដិចបន្ទួច តែជារួមការប្រកួតកីឡាប្រដាល់លក្ខណៈអាជីពនេះ កីឡាករម្នាក់ៗបានបង្ហាញនូវការខំប្រឹងអស់ពីសមត្ថភាព។ យ៉ាងណាសហព័ន្ធនឹងព្យាយាមកែតម្រូវនូវចំណុចខ្វះខាតមួយចំនួន ដើម្បីធ្វើឲ្យការប្រកួតលើកក្រោយៗកាន់តែប្រសើរ និងធានាបាននូវគោលដៅសហព័ន្ធចង់បាន គឺការផ្ដល់ឱកាស និងការអភិវឌ្ឍធនធានកីឡាករប្រដាល់សកលកម្ពុជា។

លោកថា «ការប្រកួតនេះ គឺជាឱកាសដ៏សំខាន់សម្រាប់កីឡាករ-កីឡាការិនី មិនថាកីឡាករ-កីឡាការិនីតាមបណ្ដាក្លិប ឬជម្រើសជាតិទេ គឺសំខាន់ក្នុងការអភិវឌ្ឍធនធានបច្ចេកទេសពួកគាត់ ព្រោះបើសិនពួកគាត់មិនមានឱកាសក្នុងការប្រកួតទេ គឺពួកគាត់មិនដឹងពីសមត្ថភាព មិនមានឱកាសបង្ហាញសមត្ថភាព ក៏ដូចជាត្រៀមលក្ខណៈចូលរួមការប្រកួតជាអន្ដរជាតិ ពិសេសគឺស៊ីហ្គេមនោះទេ។ ដូច្នេះជាឱកាសល្អសម្រាប់ពួកគាត់ ដើម្បីធ្វើការអភិវឌ្ឍកម្រិតបច្ចេកទេសរបស់ពួកគាត់ មុនឈានទៅរកការប្រកួតអន្ដរជាតិ»។

ចំពោះលទ្ធផលការប្រកួតសប្ដាហ៍ដំបូងនៃកម្មវិធី Ultimate Boxing Championship 2021 រួមមានកីឡាករម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម សៅ រង្សី ផ្ដួលកីឡាករ លីន សេងហុង ឲ្យបោះបង់ការប្រកួតនៅទឹកទី១ ខណៈកីឡាករ រិទ្ធ មរកា ត្រូវបានកីឡាករ ថា រីវ៉ា ផ្ដួលឲ្យសន្លប់នៅទឹកទី១ ដូចគ្នា។ រីឯកីឡាករ អ៊ូច ធារិទ្ធ យកឈ្នះពិន្ទុលើកីឡាករពេជ្រ សំរឹទ្ធ, កីឡាករ ទូច ដេវីត ឈ្នះពិន្ទុលើកីឡាករ ស៊ឹម ពិសិដ្ឋ, កីឡាករ អំ ខេម ឈ្នះពិន្ទុលើកីឡាករលី ហ៊ុនហួរ និងកីឡាករសែត សារិទ្ធ ស្មើពិន្ទុជាមួយកីឡាករម៉ាង ព្រហ្មម៉ាញ៕