(ចិន)៖ «ក្រោយភ្លៀងមេឃស្រឡះ» ខណៈនេះ កំពូលតារាសម្តែងស្រីល្បីឈ្មោះរបស់ចិន Fan Bingbing ហាក់កំពុងតែរីករាយនឹងជីវិតរបស់នាង ហើយថែមទាំងមានមុខជាបណ្តើរៗ ក្នុងកម្មវិធីសិល្បៈនានាផងដែរ ក្រោយពីជីវិតបានជួបរឿងក្រឡាប់ចាក់កាលពីឆ្នាំ២០១៨ ពីរឿងគេចពន្ធ។ យ៉ាងណាមិញ ថ្មីៗនេះអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាងបានដាច់ចិត្តបង្ហាញមុខក្រុមគ្រួសារជាលើកដំបូង ក្នុងថ្ងៃអបអរសាទរខួបកំណើតគម្រប់៤០ឆ្នាំរបស់នាង។

អ្នកនាង ហ្វាន ពីងពីង ដែលល្បីថាមានសម្រស់មិនចេះចាស់រូបនេះ ត្រូវបានគេដឹងថា ថ្ងៃទី១៦ ខែកញ្ញា ជាថ្ងៃកំណើតរបស់នាង ហើយក្នុងឆ្នាំ២០២១នេះ គឺនាងឈានចូលដល់វ័យ៤០ឆ្នាំហើយ ខណៈតាមរយៈបណ្តាញសង្គម Weibo តារាស្រីរូបនេះបានបង្ហាញរូបភាពក្នុងថ្ងៃកំណើតរបស់ខ្លួន និងបានបញ្ជាក់ថានាងបានត្រឡប់ទៅផ្ទះជួបជុំគ្រួសារ ព្រមទាំងឪពុកម្តាយ បងប្អូនវិញ។ តាមរយៈរូបភាពទាំងនោះ Fan Bingbing បានសរសេរសារជាភាសាចិន ដែលប្រែមកថា «រូបកាលពីថ្ងៃម្សិលមិញ ពួកយើងទាំងអស់គ្នា មិនសូវមានរូបថតជួបជុំគ្នាទេ មានសេចក្តីសុខណាស់»

ត្បិតថា ឈានចូលដល់វ័យ៤០ក៏ពិតមែន តែទស្សនិកជនមើលឃើញថា សម្រស់របស់អធិរាជស្តេចស្រី ក្នុងរឿង «មហិច្ឆតាអ៊ូម៉ីនាង» រូបនេះ ហាក់មិនប្រែប្រួលឡើយ បើនិយាយទៅគឺនៅតែមានមន្តស្នេហ៍ និងទាក់ទាញភ្នែកទស្សនិកជនផងដែរ។

គួរជម្រាបថា Fan Bingbing ចាប់តាំងពីផ្ទុះរឿងអាស្រូវគេចវេះមិនបង់ពន្ធមក ត្រូវបានគេសង្កេតឃើញថា ហាក់មិនទាន់មានផលិតកម្មណាមួយទាក់ទង ឲ្យសម្ដែងភាពយន្តថ្មីនៅឡើយ ហើយភាពយន្តទាំងប៉ុន្មានកន្លងមកដែលនាងបានថតរួច ក៏នៅតែមិនអាចចាក់ផ្សាយបានដែរ។ គេមិនទាន់ដឹងនៅឡើយទេថា តើការងារសិល្បៈរបស់តារាល្បីដែលធ្លាប់តែលេចធ្លោររូបនេះ ទៅជាយ៉ាងណា ត្បិតតារាជាច្រើនមានការងារសិល្បៈគដូចភ្នំ តែសម្រាប់តារាល្បីរូបនេះហាក់មិនមានសកម្មភាពអ្វី គួរឲ្យកត់សម្គាល់ឡើយ៕