(ភ្នំពេញ)៖ ធនាគារ ហ្វីលីព ភីអិលស៊ី បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន EDEEL (Cambodia) Plc ក្នុងការផ្តល់ជូនម៉ាស្ទ័រកាតនិម្មិតសហម៉ាកសញ្ញាដល់អតិថិជនកម្ពុជា ដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់ធនាគារ ក្នុងការផ្តល់ជូនមធ្យោបាយទូទាត់ តាមអនឡាញប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។ ពិធីចុះអនុស្សរណៈនេះ ប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ហ្វីលីព ដោយមានការចូលរួម ពីតំណាងរបស់ស្ថាប័នទាំងពីរ។

តាមរយៈអនុស្សរណៈយោគយល់គ្នានេះ អតិថិជនរបស់ EDEEL (Cambodia) Plc នឹងអាចធ្វើការស្នើសុំម៉ាស្ទ័រកាតនិម្មិតសហម៉ាកសញ្ញា ដែលផ្តល់ដោយធនាគារ ហ្វីលីព។ ម៉ាស្ទ័រកាតនិម្មិតនេះ ផ្តល់ជូនមុខងារ និង សេវាកម្មដូចគ្នានឹងម៉ាស្ទ័រកាតនិម្មិតធនាគារ ហ្វីលីព ដែលមានស្រាប់ ប៉ុន្តែមានភាពខុសគ្នា ដោយមានភ្ជាប់ម៉ាកសញ្ញារបស់ EDEEL នៅលើកាត បន្ទាប់ពីអតិថិជនចុះឈ្មោះបង្កើតកាត នោះលើកម្មវិធីធនាគារចល័ត Phillip Mobile។

លោក ចាន់ ម៉ាច អគ្គនាយកធនាគារហ្វីលីព បានប្រាប់ឲ្យដឹងថា «ភាពជាដៃគូនេះ នឹងជួយ ជម្រុញបន្ថែម ទៀតដល់ គោលដៅ របស់ធនាគារ ក្នុងការផ្តល់ជូន ផលិតផល និងសេវាកម្មបែបឌីជីថល ដល់ អតិថិជនកម្ពុជាគ្រប់គ្នា ជាពិសេសអតិថិជន របស់ EDEEL ដែលតែងតែប្រើប្រាស់ផលិតផលហិរញ្ញវត្ថុជាប្រចាំ និង ជាប់លាប់រាល់ថ្ងៃក្នុងអាជីវកម្មរបស់ពួកគេ»

លោក ចាន់ ម៉ាច បានបន្ថែមថា «យើងរំពឹងថា កិច្ចសហការនេះនឹងហុចផលផ្លែផ្កាជាទីគាប់ចិត្ត តាមរយៈការបញ្ចេញផលិតផលថ្មីៗជាបន្តបន្ទាប់ ដែលសុទ្ធសឹងតែមានប្រយោជន៍ដល់អតិថិជន ក៏ដូចជាដៃគូសហការរបស់យើង»

លោក Andrey Krivoshein អគ្គនាយកក្រុមហ៊ុន EDEEL បានមានប្រសាសន៍ផងដែរថា «អតិថិជនរបស់ EDEEL ក៏អាចធ្វើការស្នើសុំម៉ាស្ទ័រកាតនិម្មិតសហម៉ាកសញ្ញានេះ តាមរយៈកម្មវិធីតាមទូរស័ព្ទដៃរបស់ EDEEL ។ នៅពេលដែលអតិថិជនបំពេញព័ត៌មានរួចរាល់ បុគ្គលិកធនាគារ ហ្វីលីព នឹងទំនាក់ទំនងទៅកាន់ពួកគាត់ដើម្បីបើកគណនី និងបង្កើតម៉ាស្ទ័រកាតនិម្មិតតែម្តង។ លើសពីនេះ អតិថិជនរបស់ EDEEL អាចដាក់ប្រាក់ចូលគណនីតាមរយៈកម្មវិធីបាគង ម៉ាស៊ីនដាក់ប្រាក់ ឬធ្វើការផ្ទេរប្រាក់ និងទូទាត់តាមអនឡាញ ដោយប្រើប្រាស់ ម៉ាស្ទ័រកាតនិម្មិតសហម៉ាកសញ្ញាមួយនេះបានផងដែរ»

លោក Krivoshein បានបន្តថា «EDEEL មានបទពិសោធន៍គ្រប់គ្រាន់ ជាមួយសេវាកម្មកាតនិម្មិត ហើយយើងនឹងផ្តល់ជូនសេវាកម្មនេះ ឲ្យកាន់តែល្អឡើងថែមទៀត»

សូមជម្រាបផងដែរថា ធនាគារ ហ្វីលីព ត្រូវបានបង្កើតឡើង នៅកម្ពុជាតាំងពីឆ្នាំ២០០៩ ក្រោមឈ្មោះ ហ្វ័ង ឌីប៊ីអេស បន្ទាប់មកនៅឆ្នាំ ២០១៤ ក្រុមហ៊ុន ហ្វីលីពកាពីតាល់ បានទិញយកភាគហ៊ុននឹងប្តូរឈ្មោះជា ធនាគារ ហ្វីលីព។ ធនាគារផ្តល់ជូនសេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាមតម្រូវការរបស់សារជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និងបុគ្គល។

ធនាគារ ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានមូលដ្ឋាន នៅសិង្ហបុរី និងត្រូវ បានបង្កើតឡើងតាំងពីឆ្នាំ១៩៧៥។ ហ្វីលីពកាពីតាល់គ្រុប ផ្តល់ជូនសេវាកម្មពេញលេញ ប្រកបដោយគុណភាព និងភាពច្នៃប្រឌិតជូនដល់អតិថិជន ទាំងបុគ្គលទាំងគ្រប់ប្រភទសាជីវកម្មនៅ ១៥ប្រទេស។

ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័ត ជាផ្លូវការលើការរួមបញ្ចូលគ្នា រវាងធនាគារហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត។ ក្រោមការរួមបញ្ចូលគ្នា ធនាគារ ហ្វីលីព ភីអិលស៊ី ដែលជាធនាគារពាណិជ្ជមួយ មានសាខាច្រើនជាងគេនៅកម្ពុជា(៨៨សាខា)។ ធនាគារ ហ្វីលីព ក៏កំពុងតែផ្តោតការយកចិត្តទុកដាក់ផ្តល់ជូនផលិតផល និងសេវាកម្មឌីជីថលជូនដល់អតិថិជនរបស់យើងផងដែរ ដើម្បីឲ្យពួកគាត់ទទួលបានបទពិសោធន៍សេវាធនាគារលំដាប់អន្តរជាតិ ដែលល្អបំផុត៕