(ភ្នំពេញ)៖ ការប្រកួតកីឡាអេឡិចត្រូនិកជើងឯក MPL KH Season 1 លក្ខណៈលីគអាជីពលំដាប់អន្ដរជាតិលើកដំបូងនៅកម្ពុជា វិញ្ញាសា Mobile Legends: Bang Bang បានរកឃើញបេក្ខភាព ៦ក្រុមចុងក្រោយនៃវគ្គ Play-Off ហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញនៅវគ្គ ៨ក្រុមចុងក្រោយ (វគ្គ Regular) ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។

សម្រាប់ការប្រកួតវគ្គខ្លាំង ប៉ះខ្លាំងខាងលើ ក្រុមនីមួយៗបានធ្វើការចំនួន ៧លើកដូចគ្នា ក្រោមរូបមន្ដវិលជុំក្នុងនោះគេឃើញក្រុមឡើងមកពីវគ្គជម្រុះ ៤ក្រុម មានក្រុម DG Quantum, FENNEC Esport, Notorious Angels និងក្រុម Walker Esports បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមអង្គុយចាំនៅវគ្គ Regular រួមមានក្រុម Impunity KH, SeeYouSoon, NewBlood និង Burn Gaming តាមរយៈសមត្ថភាព និងបច្ចេកទេសពិសេសរបស់ពួកគេ។

សម្រាប់ក្រុមខ្លាំង ៦ក្រុមដែលបានឡើងវគ្គ Play-Off រួមមានក្រុម DG Quantum ឈរកំពូលតារាងមាន ៦ពិន្ទុ, ក្រុម SeeYouSoon ឈរលេខ២ មាន ៥ពិន្ទុ ស្មើក្រុមឈរលេខ៣ គឺក្រុម Impunity KH។ រីឯក្រុម Burn Gaming ឈរលេខ៤ មាន ៤ពិន្ទុ ស្មើក្រុមឈរលេខ៥ Fennes Esports និងលេខ៦ ក្រុម NewBlood រកបាន ២ពិន្ទុ។ ដូច្នេះបានន័យថា ក្រុមឡើងមកពីវគ្គជម្រុះ ២ក្រុមដែលបានធ្លាក់ត្រឹមវគ្គ Regular គឺក្រុម Notorious Angels និងក្រុម Walker Esports។

បន្ទាប់ពីរកឃើញបេក្ខភាពវគ្គ Play-Off សម្រាប់កម្មវិធីប្រកួតវគ្គដ៏សំខាន់ មុនឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រនេះ គ្រោងធ្វើឡើង ៣ថ្ងៃនៅថ្ងៃទី០១-០៣ ខែតុលាខាងមុខនេះ ដើម្បីកាត់សេចក្តីឆ្ពោះទៅរកបេក្ខភាពក្រុមគ្រងតំណែងជើងឯក MPL KH រដូវកាលទី១ ដែលនឹងក្លាយជាក្រុមតំណាងប្រទេសកម្ពុជា សម្រាប់ចេញទៅប្រកួតព្រឹត្តិការណ៍អន្តរជាតិ M3 World Championship នាចុងឆ្នាំ២០២១ នេះ។

គណៈកម្មការរៀបចំការប្រកួត បានធ្វើការវាយតម្លៃខ្ពស់សម្រាប់ការប្រកួតកន្លងមក ដោយទទួលបានការគាំទ្រដ៏ច្រើនលើសលប់ពីទស្សនិកជន និងអ្នកស្រឡាញ់កីឡាអេឡិចត្រូនិក ហើយគណៈកម្មការរំពឹងព្រឹត្តិការណ៍រៀបចំដោយក្រុមហ៊ុន Moonton នេះ នឹងក្លាយជាផ្នែកដ៏សំខាន់មួយ ក្នុងការជួយជំរុញវិស័យកីឡា Esports កម្ពុជាកាន់តែរីកចម្រើន និងបង្ហាញឲ្យឃើញថា វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជាកំពុងដើរលើផ្លូវត្រូវឆ្ពោះទៅរកការអភិវឌ្ឍកាន់តែមានកម្រិតខ្ពស់ និងលំដាប់អន្តរជាតិ៕