(ឥណ្ឌា)៖ អាជ្ញាធរប្រឆាំងការទុកចិត្តរបស់ប្រទេសឥណ្ឌាបានបង្ហាញរបាយការណ៍ស៊ើបអង្កេតមួយពាក់ព័ន្ធនឹងក្រុមហ៊ុនយក្សអាមេរិក និងបាន រក ឃើញថា ក្រុមហ៊ុន Google គឺបានរំលោភបំពានទៅនឹងច្បាប់ប្រកួតប្រជែងនៅក្នុងប្រទេសឥណ្ឌាចំពោះសិទ្ធិនៃការប្រើប្រាស់ប្រព័ន្ធដំណើរការ Android។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Google បានប្រើប្រាស់សាច់ដុំ នៃហិរញ្ញវត្ថុ (លុយ និងឥទ្ធិពល) របស់ខ្លួន ក្នុងការគៀបសង្កត់ដល់ ក្រុមហ៊ុន ផលិតស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិក ផ្សេងដែលប្រើប្រាស់ ប្រព័ន្ធដំណើរការ Android ដែលជាកម្មសិទ្ធិរបស់ខ្លួន។

នៅក្នុងឯកសាររបស់ Reuters ដែលទទួលបាន មិនបានបញ្ជាក់ច្បាស់អំពីការំលោភបំពាន់ច្បាប់ប្រកួតប្រជែងនេះឡើយ ប៉ុន្តែគេអាចសន្មត់បាន ថា វាស្រដៀងគ្នាទៅនឹង ករណីនៅក្នុងប្រទេសកូរ៉េខាងត្បូងដែល ទើបតែអនុវត្តច្បាប់ថ្មី និងផាកពិន័យ Google ករណីប្រើប្រាស់អំណាច ឥទ្ធិពល ក្នុង ការ ដណ្ដើមទីផ្សារដោយភាគមិនស្មោះត្រង់។

ពាក់ព័ន្ធនឹងករណីនេះ ខាងក្រុមហ៊ុន Google នៅមិនទាន់បានប្រតិកម្ម ឬចេញសេចក្ដីបំភ្លឺឡើយ ខណៈដែលប្រភពជិតស្និទ្ធខាងរដ្ឋាភិបាលឥណ្ឌា បាន បង្ហើបឱ្យដឹងថា ឯកសារនៃការស៊ើបអង្កេតអស់រយៈពេលជាង២ឆ្នាំទៅករណីខាងលើនឹងត្រូវប្រកាសបង្ហាញនៅក្នុងពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា Google បានប្រឈមមុខនឹងករណីប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការដណ្ដើមទីផ្សារដោយការប្រកួតប្រជែងដោយភាព មិន ស្មោះត្រង់នៅតំបន់អឺរ៉ុប អាមេរិក និងចុងក្រោយគេគឺកូរ៉េខាងត្បូង និងឥណ្ឌា៕