(ភ្នំពេញ)៖ តារាសម្តែងប្រុសល្បីឈ្មោះរបស់កម្ពុជា ធ្លាប់ទទួលបានពានរង្វាន់តារាសម្តែងឆ្នើម ក្នុងព្រឹត្តិការណ៍ភាពយន្តលើកទី៣ (កម្មវិធីក្នុងស្រុក) គឺលោក ខាត់ វៃហាំង ត្រូវបានទស្សនិកជនខ្មែរដឹងថា ក្រៅពីមានប្រជាប្រិយភាពក្នុងស្រុកហើយនោះ លោកក៏ទទួលបានការចាប់អារម្មណ៍ ពីផលិតកម្មនៃប្រទេសជិតខាងផងដែរ។ យ៉ាងណាមិញ ចូលដល់ពាក់កណ្តាលឆ្នាំ២០២១នេះ តារាសម្តែង ខាត់ វៃហាំង ស្រាប់តែយីអ៊ុនឡើងខ្លាំង រីកមុខរីកមាត់ ហើយត្រូវបានជ្រើសរើស ឲ្យក្លាយជាជាទូតសុច្ឆន្ទៈ នៃមហោស្រពភាពយន្តកម្ពុជា-អាស៊ាន ឆ្នាំ២០២១។

បើតាមលោក ខាត់ វៃហាំង ផ្ទាល់បានឲ្យដឹងថា លោកពិតជាថ្លែងអំណរគុណចំពោះ គណៈកម្មាធិការរៀបចំ មហោស្រពភាពយន្ត កម្ពុជា-អាស៊ាន (Organizing Committee of Cambodia Asian Film Festival) ដែលបានសម្រេច ព្រមទាំងផ្តល់កិត្តិយសដល់រូបលោក ជាទូតសុច្ឆន្ទៈ (Ambassador) នៃមហោស្រពភាពយន្តកម្ពុជា-អាស៊ាន (Cambodia Asian Film Festival) ប្រចាំឆ្នាំ ២០២១។

លោក ខាត់ វៃហាំង បានបន្ថែមយ៉ាងដូច្នេះថា «នេះជាកិត្តិយសដ៏គួរឲ្យមោទកភាព ក៏ដូចជាសមិទ្ធផលដ៏ប្រពៃ ក្នុងចំណោមសមិទ្ធផលនានា ដែលខ្ញុំទទួលបានពីកិច្ចខិតខំប្រឹងប្រែងក្នុងឋានៈ ជា តារាសម្តែង/សិល្បករ មួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា។ ពិតជាគួរឲ្យសោកស្តាយ ដែល ព្រឹត្តិការណ៍នៃមហោស្រពភាពយន្តកម្ពុជា អាស៊ាន (Cambodia Asian Film Festival) ប្រចាំ ២០២១ ពុំអាចប្រារព្ធរៀបចំក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសារពិភពលោកទាំងមូលកំពុងតែឆ្លងកាត់ នូវដំណាក់កាលនៃជំងឺរាតត្បាតដ៏កាចសាហាវនោះ ដោយផ្លាស់ប្តូរប្រារព្ធរៀបចំ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ តាមរយៈប្រព័ន្ធអនឡាញវិញ»

តារាសម្ដែងល្បីឈ្មោះរូបនេះបន្តថា «សូមគោរពជូនពរ គណៈកម្មាធិការរៀបចំ មហោស្រពភាពយន្ត កម្ពុជា អាស៊ាន (Organizing Committee of Cambodia Asian Film Festival) គ្រប់ៗរូប ទទួលបាននូវជោគជ័យដ៏ប្រពៃបន្តទៀតនាពេលអនាគត ព្រមទាំងទទួលបាននូវសុខសុវត្ថិភាព»

គួរជម្រាបថា លោក ខាត់ វៃហាំង គឺជាតារាសម្តែងជួរមុខមួយរូបរបស់កម្ពុជា ដែលទទួលបានប្រជាប្រិយភាពខ្លាំង តាមរយៈការចាប់ដៃគូជាមួយតារស្រី ស៉ីន យូប៊ីន។ តារាប្រុសរូបនេះ ធ្លាប់ទទួលបានពានរង្វាន់តារាសម្តែងឆ្នើម ពីព្រឹត្តិការណ៍ភាពយន្ត ប្រចាំឆ្នាំ២០១៨ ដែលរៀបចំឡើងដោយរោងភាពយន្តលេជេន។ ទន្ទឹមគ្នានេះ កាលពីមិនទាន់មានជំងឺរាតត្បាតកូវីដ-១៩ លោកក៏ត្រូវបានអញ្ជើញឲ្យទៅចូលរួម ក្នុងកម្មវិធីសិល្បៈនានា នៅក្រៅប្រទេសជាហូរហែផងដែរ៕