(ភ្នំពេញ)៖ តារាចម្រៀងប្រចាំក្នុងផលិតកម្ម សាន់ដេ លោក អ៉ីណូ បានសម្រេចចិត្តបញ្ចប់ភាពនៅលីវរបស់ខ្លួនហើយ ដោយបានក្រាមផ្ទឹមចូលរោងការតាមប្រពៃណីខ្មែរ កាលពីម្សិលមិញនេះ ជាមួយកូនស្រីអ្នកជំនួញរកស៉ី នៅក្នុងខេត្តបន្ទាយមានជ័យ បន្ទាប់ពីពួកគេបានស្វែងយល់ចិត្តថ្លើមគ្នា អស់រយៈពេល២ឆ្នាំរួចមក។ ពិធីរៀបមង្គលការរបស់តារាចម្រៀង អ៉ីណូ និងភរិយាវ័យ២៣ឆ្នាំ គឺធ្វើឡើងលក្ខណៈតូចតាចស្ងាត់ៗ ដោយមានការដឹងឮ ពីសំណាក់ចាស់ទុំមេបាទាំងសងខាង ព្រោះតែបច្ចុប្បន្ននេះ ស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ១៩វាយលុក ទើបមិនអាចធ្វើលក្ខណៈទ្រង់ទ្រាយធំបាន។

តារាចម្រៀង អ៉ីណូ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅព្រឹកនេះថា ជាការពិតរូបលោក និងគូស្នេហ៍បានសម្រេចចិត្តចូលរោងការតាមប្រពៃណីខ្មែរ តាមរយៈការសែនព្រេន មានផ្កាស្លា ចាស់ទុំទាំង សងខាងជុំគ្នាទាំងអស់រួចរាល់ហើយ ព្រោះយើងដឹងស្រាប់ហើយថាសម័យនេះ គឺមិនអាចធ្វើពិធីធំដុំបាននោះទេ។ យ៉ាងណាមិញ តារាចម្រៀងលោក អ៉ីណូ មិនបានបង្ហើបប្រាប់ពីថ្លៃបណ្ណាការ ដែលត្រូវប្រគល់ជូនខាងកូនស្រីនោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា សំខាន់គឺចាស់ទុំទាំងសងខាងព្រមព្រៀងគ្នា និងភាគីម្ចាស់ខ្លួនទាំងពីរ ក៏យល់ចិត្តគ្នា។

លោក អ៉ីណូ បានបន្ថែមទៀតថា ភរិយារបស់លោកជាមនុស្សមានគំនិតចាស់ទុំ ថ្វីត្បិតតែមានវ័យទើបតែ២៣ ឆ្នាំក្ដី ហើយក៏ជាមនុស្សមិនសូវចេះនិយាយច្រើន និងមិនស៊ីវីល័យពេកដែរ ព្រោះជាកូនអ្នករកស៉ី ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ខណៈដែលរូបលោកក៏ជាអ្នករកស៉ីដូចគ្នា បន្ទាប់ពីការងារសិល្បៈ ពុំសូវមានសកម្មភាពច្រើនដូចមុន។ លោកថា ថ្វីត្បិតតែពិធីសែនព្រេនរូបលោក និងគូស្នេហ៍ជាលក្ខណៈគ្រួសារតូចតាចក្ដី ប៉ុន្តែយើងមានគ្រប់កម្មវិធីទាំងអស់ និយាយរួមគឺក្លាយជាប្ដីប្រពន្ធស្របច្បាប់ហើយ ចាប់ពីពេលនេះតទៅ។

យ៉ាងណាមិញ តារាចម្រៀង អ៉ីណូ បានប្រកាសប្រាប់បន្ថែមថា ក្រោយស្ថានភាពនៃជំងឺកូវីដ១៩ បានធូរស្បើយ រូបលោកនឹងរៀបចំពិធីកាត់ចំណងដៃទ្រង់ទ្រាយធំម្ដងទៀត ដោយអញ្ជើញភ្ញៀវកិត្តិយសដែលលោកធ្លាប់ស្គាល់ សាច់ញាតិទាំងសងខាង និងមិត្តភក្តិសិល្បៈទាំងអស់ ឲ្យចូលរួមអបអរសាទរផងដែរ។

សូមបញ្ជាក់ថា លោក អ៉ីណូ គឺជាតារាចម្រៀងមួយរូប មានឈ្មោះបោះសំឡេងល្បីគួរសម ក្នុងមជ្ឈដ្ឋានសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅក្នុងផលិតកម្មសាន់ដេ។ ក្រៅពីការងារសិល្បៈ តារាចម្រៀងដែលចូលចិត្តលេងស្ទីលប្លែកៗ ទាក់ទាញការចាប់អារម្មណ៍រូបនេះ ក៏មានជំនួញធំមួយនៅក្នុងដៃផងដែរ គឺការបើករកស៉ីលក់រថយន្ត និងការងារលើវិស័យអចលនទ្រព្យផងដែរ៕