(ភ្នំពេញ)៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងសែលកាត បានប្រកាសនូវជ័យលាភីចំនួន១៦ក្រុម ដែលបានឈ្នះក្នុងសមរភូមិវគ្គផ្តាច់ព្រ័ត្រ ការប្រកួត PUBG Mobile Club Open (PMCO) Cambodia។

ក្រុមដែលឈ្នះទាំង១៦ នឹងទទួលរង្វាន់ទឹកប្រាក់ សរុបចំនួន១៥,០០០ដុល្លារ។ ជាមួយគ្នាដែរ Top Rank ទាំង៦ក្រុម នឹងតំណាងឲ្យប្រទេសកម្ពុជា ទៅប្រកួតនៅសមរភូមិអន្តជាតិ ក្នុង PMCO SEA Wild Card ដែលត្រូវប្រកួត នឹងក្រុមជម្រុះមកពីមីយ៉ាន់ម៉ា និងហ្វីលីពីន។

ក្រុមតំណាងឲ្យប្រទេសកម្ពុជា ទាំង៦ក្រុម ១៖ APG ESPORTS, ២៖ ORANGE PLAY, ៣៖ JOINME_BLACK, ៤៖ TEAM MAX, ៥៖ THE QUARTER, ៦៖ ORG ACADEMY។

ការប្រកួត PMCO SEA Wild Card នឹងរៀបចំឡើងនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការផ្សាយផ្ទាល់ ការប្រកួតផ្តាច់មុខនៅលើហ្វេសប៊ុក PlayGame របស់ក្រុមហ៊ុន សែលកាត។

ប្រទេសកម្ពុជា មិនដែលរៀបចំកម្មវិធី PUBG Mobile Club Open ពីមុនមកនោះទេ ហើយ សែលកាត ក៏មានក្តីរំភើបយ៉ាងខ្លាំង ដែលនេះជាឱកាសដ៏ល្អសម្រាប់ បណ្តាអ្នកលេងហ្គេមទាំងអស់នៅកម្ពុជា។

ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា ដែលត្រូវបានប្រកាសជាផ្លូវការថា ជាដៃគូសហការ និងជាក្រុមហ៊ុនឧបត្ថម្ភរបស់ សែលកាត PlayGame ក៏ជួយគាំទ្រនូវយុទ្ធសាស្ត្រ ផ្នែកទីផ្សារក្នុងការបង្កើតការយល់ដឹងដ៏ទូលំទូលាយសម្រាប់ PMCO និងផ្តល់ជូនរង្វាន់ពិសេសៗ ដល់បណ្តាក្រុមដែលឈ្នះ។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត សូមចូលរួមអបអរសាទរ ដល់ក្រុមដែលបានឈ្នះការប្រកួតជម្រុះ PMCO ។

លោកបានថ្លែងថា «យើងពិតជាមានមោទនភាព ចំពោះក្រុមទាំងអស់ដែលបានចូលរួមក្នុងការប្រកួត PMCO។ ការបំផុសគំនិតរៀបចំការប្រកួតនេះ ធ្វើឲ្យយើងឃើញពីការរីកចម្រើន នៃបណ្តាអ្នកលេងហ្គេមនៅកម្ពុជា និងបង្ហាញឲ្យឃើញ ពីការអភិវឌ្ឍន៍នៃក្រុមប្រកួតផងដែរ»

លោកបន្ដថា «ការប្រកួតនេះ គឺជាការបង្ហាញទាំងជំនាញ និងទេពកោសល្យរបស់ក្រុមកម្ពុជា និងការត្រៀមខ្លួនរបស់ពួកគេ ដែលជាតំណាងឲ្យប្រទេសកម្ពុជា លើឆាកអន្តរជាតិ។ យើងសូមជូនពរឲ្យក្រុមទាំង៦ ដែលជាតំណាងឲ្យប្រទេសកម្ពុជា នៅក្នុងការប្រកួត PMCO SEA Wild Card ជួបតែសំណាងល្អ»

លោកបានបន្ថែមទៀតថា ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា សម្រាប់កីឡាអេឡិចត្រូនិក និងជាដៃគូសហការផ្តាច់មុខ របស់សហព័ន្ធកីឡា អេឡិចត្រូនិក សែលកាត នឹងបន្តពង្រីកនូវកម្មវិធីលំដាប់ថ្នាក់ជាតិរបស់ខ្លួន ដែលធានានូវការចូលរួមពីក្រុមតំណាងឲ្យប្រទេសកម្ពុជា ក្នុងការប្រកួតលំដាប់ថ្នាក់ អន្តរជាតិ។ យើងនៅតែបន្តគាំទ្រ និងកសាងសហគមន៍កីឡាអេឡិចត្រូនិកនៅកម្ពុជា ក្នុងការរៀបចំការប្រកួត SEA Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕