(ម៉ានីល)៖ កំពូលកីឡាករប្រដាល់ Manny Pacquiao បានប្រកាសថា មូលហេតុដែលលោកចង់ធ្វើជាប្រធានាធិបតីហ្វីលីពីន ដោយសារមានមនុស្សជាច្រើន កំពុងកេងចំណេញពីប្រជាពលរដ្ឋមានន័យថា គាត់ចង់បំបាត់អំពើពុករលួយ។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។
កាលពីថ្ងៃអាទិត្យកន្លងទៅ កំពូលកីឡាករប្រដាល់សញ្ជាតិហ្វីលីពីន វ័យ ៤២ឆ្នាំ បានប្រកាសពីបំណងធ្វើជាប្រធានាធិបតី។ តាមរយៈ Facebook របស់ខ្លួន ស្របពេលនឹងការប្រកាសឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីន លោកក៏បាននិយាយរិះគន់អំពើពុករលួយ របស់រដ្ឋាភិបាលផងដែរ។
Pacquiao បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ខ្ញុំសូមប្រកាសយ៉ាងអង់អាចថា ខ្ញុំទទួលយកការប្រកួតប្រជែង ដណ្តើមតំណែងធ្វើជាប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ជាមួយនឹងសារផ្តាំផ្ញើទៅអ្នកទាំងឡាយ ដែលកំពុងទាញយកផលប្រយោជន៍ពីប្រជាពលរដ្ឋហ្វីលីពីន។ ពេលវេលារបស់អ្នកបានដល់ទីបញ្ចប់ហើយ!»។
Pacquiao ដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភា ត្រូវបានជ្រើសរើសជាបេក្ខជនប្រធានាធិបតី ពីសំណាក់សម្ព័ន្ធមិត្តនយោបាយនៃបក្ស PDP Laban របស់លោកនៅក្នុងសមាជរបស់បក្សនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីបក្សគូប្រជែងដែលកំពុងកាន់អំណាច បានតែងតាំង លោក Duterte ជាជម្រើសសម្រាប់អនុប្រធានាធិបតី និងជំនួយការយូរអង្វែងរបស់គាត់ គឺលោក Christopher "Bong" Go ដែលជាសមាជិកព្រឹទ្ធសភា ធ្វើជាបេក្ខជនប្រធានាធិបតីរបស់បក្ស។
ថ្លែងក្នុងន័យកីឡាករប្រដាល់ផង និងជាអ្នកនយោបាយផង លោក Pacquiao បានបន្តទៀតថា «ខ្ញុំជាអ្នកប្រដាល់ ហើយតែងតែជាអ្នកប្រដាល់ទាំងក្នុង និងក្រៅសង្វៀន។ ពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំមិនបោះបង់ចោលការប្រយុទ្ធណាមួយឡើយ។ គ្មានអ្វីដែលមិនអាចទៅរួចទេ ប្រសិនបើវាត្រូវបានកំណត់ដោយព្រះ»។
ក្នុងអាជីពជាអ្នកប្រដាល់ Manny Pacquiao ធ្លាប់ឈ្នះ ៦២ដង ក្នុងចំណោមប្រកួត ៧២លើក៕