(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) នឹងរៀបចំពិធីចាប់ឆ្នោតបែងចែកពូលប្រកួតពានរង្វាន់ AFF Suzuki Cup 2020 នាវេលាម៉ោង ២រសៀលនេះ នៅប្រទេសិង្ហបុរី ខណៈកម្ពុជា នឹងត្រូវជួបប្រទេសមួយ រវាងថៃ និងវៀតណាម ដែលស្ថិតក្នុងប្រអប់ (POT) ជាមួយគ្នា។

ក្នុងចំណោមបេក្ខភាពចូលរួមប្រកួតបាល់ទាត់ជើងឯកអាស៊ាននេះ ត្រូវបានបែងចែកជា ៥ប្រអប់ ដោយប្រអប់ទី១ មានវៀតណាម និងថៃ, ប្រអប់ទី២ មានហ្វីលីពីន និងមីយ៉ាន់ម៉ា, ប្រអប់ទី៣ មានម៉ាឡេស៊ី និងសិង្ហបុរី, ប្រអប់ទី៤ មានកម្ពុជា និងឥណ្ឌូនេស៊ី និងប្រអប់ទី៥ មានឡាវ និង ២ប្រទេសទៀត ដែលត្រូវលេងជម្រុះ ដើម្បីដណ្ដើមកៅអីវគ្គចែកពូលរវាងប្រ៊ុយណេ និងទីម័រខាងកើត។

ផ្អែកលើការបែងចែកខាងលើ កម្ពុជានឹងមិនជួបឥណ្ឌូនេស៊ី ដែលស្ថិតក្នុងប្រអប់ជាមួយគ្នានោះទេ តែកម្ពុជានឹងត្រូវជួបជាមួយប្រទេសណាមួយ ក្នុងចំណោម ២ក្រុមនៃប្រអប់នីមួយៗ ពិសេសប្រអប់ទី១ រវាងថៃ និងវៀតណាម ដែលសុទ្ធតែជាក្រុមខ្លាំងក្នុងតំបន់។ ដូច្នេះនៅរសៀលនេះ AFF នឹងធ្វើការចាប់ឆ្នោត ដើម្បីត្រៀមការប្រកួតចាប់ពីថ្ងៃទី០៥ ខែធ្នូ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ។

ដោយឡែកពាក់ព័ន្ធប្រទេសធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំតំបន់នេះ មកទល់ពេលនេះ AFF នឹងមិនទាន់សម្រេចផ្ដល់សិទ្ធិឲ្យប្រទេសណាឡើយ ដ្បិតមានបេក្ខភាពដល់ ៦ប្រទេសដែលបានដាក់ពាក្យដេញថ្លៃ ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ ខណៈ ៥ប្រទេសទៀតមានថៃ សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និងឡាវ។ តាមការគ្រោងទុក AFF នឹងធ្វើការប្រជុំសម្រេចពីប្រទេសធ្វើម្ចាស់ផ្ទះនេះនាសប្ដាហ៍ក្រោយ។

គួរដឹងថា កម្ពុជាបានដាក់ពាក្យស្នើធ្វើម្ចាស់ផ្ទះពានរង្វាន់ AFF Suzuki Cup 2020 ដោយទទួលបានការគាំទ្រពេញទំហឹងពីថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសម្ដេចបានជំរុញឲ្យលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើការដេញថ្លៃការប្រកួតអន្ដរជាតិ មករៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងពិធីប្រគល់-ទទួលសមិទ្ធផលដ៏អស្ចារ្យនេះកាលពីថ្មីៗទៀតផង។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ការស្នើដេញថ្លៃធ្វើម្ចាស់ផ្ទះពានរង្វាន់ AFF Suzuki Cup 2020 នេះ ផ្អែកលើហេតុផលសំខាន់ៗមួយចំនួន ទី១-ដើម្បីអបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ដ្រនៃពហុកីឡដ្ឋានជាតិមរតកតេជោទៅកាន់ឆាកអន្ដរជាតិ ទី២-ដើម្បីផ្ដល់នូវចំណីចក្ខុដល់ប្រជាពលរដ្ឋក្នុងបរិបទកូវីដ-១៩ ពិសេសបញ្ជាក់ពីការប្រយុទ្ធប្រឆាំងជំងឺនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងទី៣-ដើម្បីជាការសាកល្បង និងពង្រឹងសមត្ថភាពកីឡាករត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាមផង និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផង៕