(អាក្រា)៖ លោក Milovan Rajevac សញ្ជាតិស៊ែប៊ី បានធ្វើដំណើរទៅដល់ប្រទេសហ្គាណាហើយនៅថ្ងៃអាទិត្យ ដើម្បីសម្រេចកិច្ចសន្យា ក្នុងការចាប់ផ្តើមតួនាទីលើកទី២ ជាគ្រូបង្វឹកក្រុមជម្រើសជាតិជាន់ខ្ពស់គឺក្រុម «តារាខ្មៅ»។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

ប្រភពពីសមាគមបាល់ទាត់ហ្គាណា (GFA) បានប្រាប់ស៊ិនហួនៅថ្ងៃចន្ទថា បុរសវ័យ ៦៧ឆ្នាំរូបនេះបានទៅដល់រដ្ឋធានី Accra របស់ហ្គាណាហើយ ហើយត្រូវបានគេរំពឹងថា នឹងត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីនាថ្ងៃអង្គារនេះផងដែរ។

លោក Rajevac ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ឆ្នាំដឹកនាំក្រុមជម្រើសជាតិដែលធ្លាប់ជាម្ចាស់ពានរង្វាន់ជើងឯកលីគ African ចំនួន ៤លើកមួយនេះ។

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែកញ្ញា GFA បានបណ្តេញគ្រូបង្វឹក Kwablan Akonnor ចេញពីតំណែង បន្ទាប់ពីការលេងដ៏អាក្រក់របស់ក្រុមហ្គាណា នៅក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup ចំនួន ២ប្រកួត គឺការប្រកួតតទល់នឹងក្រុមអេត្យូពី និងអាហ្វ្រិកខាងត្បូង។

លោក Rajevac ធ្លាប់ធ្វើជាគ្រូបង្វឹកក្រុមតារាខ្មៅនៅចម្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១០ ហើយលោកត្រូវបានតែងតាំងជាគ្រូបង្វឹកឆ្នើមប្រចាំទ្វីបអាហ្វ្រិក (African Coach of the Year) ក្នុងឆ្នាំ២០១០ បន្ទាប់ពីដឹកនាំក្រុមហ្គាណាទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup នៅអាហ្វ្រិកខាងត្បូងនោះ៕