(លីវើភូល)៖ ខ្សែបម្រើក្លិប Liverpool កីឡាករ Thiago Alcantara នឹងអវត្តមានការប្រកួតចំនួន ២លើកនាពេលខាងមុខ បន្ទាប់ពីរងរបួសកំភួនជើង កាលពីចុងសប្តាហ៍កន្លងទៅនេះ។ នេះបើតាមក្លិបលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

Thiago ត្រូវបានដាក់ដូរចូលលេងជំនួសក្នុងតង់ទី២ នៃការប្រកួតឈ្នះ ៣-0 លើក្រុមភ្ញៀវ Crystal Palace ហើយជំនួយការអ្នកចាត់ការ Pepijn Lijnders បានលើកឡើងថា កីឡាកររូបនេះនឹងអវត្តមានពីការប្រកួតក្នុង League Cup តទល់នឹងក្រុម Norwich City និងការប្រកួតប៉ះនឹងក្រុម Brentford នៅ Premier League នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

កីឡាករ Thiago គឺជាខ្សែបម្រើទី ២ហើយរបស់ក្លិប Liverpool ដែលបានរងរបួសក្នុងការប្រកួតនាពេលថ្មីៗនេះ បន្ទាប់ពីកីឡាករ Harvey Elliott បានរបួសកជើងក្នុងការប្រកួតតទល់នឹងក្រុម Leeds United ហើយចាំបាច់ត្រូវការការវះកាត់។

ជាមួយគ្នានោះ ខ្សែការពារផ្នែកខាងស្តាំ Trent Alexander-Arnold ក៏នឹងខកខានការប្រកួតជុំទី៣ តទល់នឹងក្លិប Norwich ផងដែរ ដោយសារមានជំងឺ ស្របពេលដែលការប្រកួតមកដល់ឆាប់ពេកសម្រាប់ខ្សែប្រយុទ្ធ Robert Firmino ដែលត្រូវត្រឡប់មកហ្វឹកហាត់វិញនៅសប្តាហ៍នេះ បន្ទាប់ពីជារបួសសរសៃពួរជើង៕