(ភ្នំពេញ)៖ ព្រឹតិ្តការណ៍បាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២១ ប្រចាំសប្តាហ៍ទី១៥ នៃជើងទី២ ស្អែកនេះ ក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ត្រូវបើកទ្វារទទួលស្វាគមន៍ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង នៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងទឹកដីនៃកីឡដ្ឋានកងយោធពល ខ.ភ.ម នាម៉ោង ១៥៖៣០នាទីរសៀល។

គួររំលឹកផងដែរថា ទាក់ទងនឹងការប្រកួតរបស់ណាហ្គាកាលពីសប្តាហ៍ទី១៤ បានយកឈ្នះក្រុមអង្គរថាយហ្គឺរ ក្នុងលទ្ធផល ៤-២ នៅក្នុងទឹកដីនៃកីឡដ្ឋាន កងយោធពល ខ.ភ.ម នាថ្ងៃសៅរ៍ទី១៨ ខែកញ្ញា កន្លងទៅដោយបានឆ្លងកាត់១៣ប្រកួត ឈ្នះ៨ដង ស្មើ៤ដង និងចាញ់១ដង បានឈរនៅចំណាត់ថ្នាក់លេខ៤ និងមាន ២៨ពិន្ទុ។

ចំណែកឯក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀងវិញ កាលពីសប្តាហ៍ទី១៤ ក៏បានយកឈ្នះក្រុមភ្នំពេញក្រោនក្នុងលទ្ធផល ១-០ កាលពីថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា កន្លងទៅនៃទឹកដីកីឡដ្ឋានខេត្តស្វាយរៀង។ ស្វាយរៀង ឆ្លងកាត់ ១៣ប្រកួតកន្លងមកនេះដូចគ្នា ឈ្នះ៩ដង ស្មើ១ដង និងចាញ់៣ដង កំពុងឈរនៅកំពូលតារាងបណ្តោះអាសន្ន និងមាន ២៨ពិន្ទុដូចគ្នា។

កាលពីជើងទី១ ណាហ្គាបានចាញ់ស្វាយរៀង នៅក្នុងលទ្ធផល ៣-១ នៃទឹកដីកីឡដ្ឋានខេត្តស្វាយរៀងកាលពីថ្ងៃអាទិត្យ ទី២៨ ខែមីនា កន្លងទៅ៕