(បរទេស)៖ ត្បិតថាលើពិភពលោកនេះ មានតារាល្បីៗជាច្រើនក្តី តែសិល្បករ-សិល្បការិនី តិចតួចណាស់ ដែលត្រូវបានផ្តល់កិត្តិយស ដើម្បីឡើងថ្លែងសារនៃក្តីសង្ឃឹម ឡើងបង្ហើរសំនៀង និងឡើងសម្តែងដោយផ្ទាល់ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ។ ជាក់ស្តែង សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ក្នុងឆ្នាំ២០២១នេះវិញ ក្រុមចម្រៀង BTS ត្រូវបានផ្តល់កិត្តិយសជាពិសេស ដើម្បីចែករំលែកសារ និងសម្តែងចម្រៀងរបស់ពួកគេក្នុងមហាសន្និបាតប្រចាំឆ្នាំនេះ។ ក្រៅពីក្រុម BTS តើមានតារាចម្រៀងរូបណាខ្លះ ធ្លាប់បានឡើងច្រៀងលើវេទិកាពិភពលោកមួយនេះ?

ជាការពិតណាស់ គឺគ្មាននរណាក្រៅពីកំពូលតារាចម្រៀងអាមេរិក Beyoncé នោះទេ ដែលនាងបានឡើងសម្តែងបទ «I Was Here» ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ឆ្នាំ២០១២ និងម្នាក់ទៀត គឺតារាចម្រៀងជនជាតិកូឡំប៊ី Shakira ដែលបានច្រៀង Cover បទចម្រៀងរបស់ Jonh Lennon ចំណងជើងថា «Imagine» ក្នុងឆ្នាំ២០១៥។

ដូច្នេះបានន័យថា BTS ក្លាយជាអ្នកសិល្បៈទី៣ ហើយ ដែលបានឡើងសម្តែងក្នុងវេទិកាពិភពលោកមួយនេះ ក្នុងនាមជាបេសកជនពិសេសរបស់ប្រធានាធិបតី Moon Jae In និងប្រទេសកូរ៉េខាងត្បូងទាំងមូល។ តែយ៉ាងណា វត្តមានរបស់ក្រុម BTS ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ក្នុងឆ្នាំ២០២១នេះ បានក្លាយជាប្រវត្តិសាស្ត្រមិនអាចបំភ្លេចបាន ព្រោះក្រៅពីក្លាយជាក្រុមចម្រៀងកូរ៉េដំបូង ពួកគេក៏ក្លាយជាតារាអាស៉ីដំបូង យុវជនវ័យក្មេងអាស៉ីដំបូងបង្អស់ផងដែរ ដែលត្រូវបានលើកតម្កើងយ៉ាងខ្លាំង ក្នុងការចូលរួមវេទិកាពិភពលោកមួយនេះ។

គួរជម្រាបថា នាឱកាសនេះ សមាជិកទាំង៧ នៃក្រុម BTS បានថ្លែងសុន្ទរកថាមានន័យជាច្រើនទាក់ទងនឹង ការផ្ទុះឡើងនៃមេរោគកូវីដ ការប្រែប្រួលអាកាសធាតុ និង ប្រធានបទផ្សេងៗទៀត ក្នុងន័យលើកទឹកចិត្តក៏ដូចជាបង្កើននូវក្ដីសង្ឃឹមដល់យុវជនទូទាំងពិភពលោកនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ ពួកគេបានសម្តែងបទ «Permission To Dance » នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុង New York ថែមទៀតផង៕