(ឡុងដ៏)៖ ខ្សែបម្រើប្រយុទ្ធ James Rodridguez របស់ក្លិបអង់គ្លេស Everton បានទៅជួបពិភាក្សាជាមួយក្លិបនៅលីគប្រទេសកាតា (Qatar) ក្នុងលក្ខខណ្ឌនៃការផ្លាស់ប្តូរមួយដែលកំពុងមានសក្តានុពលនៅបជ្ឈឹមបូព៌ា ដែលរូបគេត្រូវបានប្រភពពី Marca បង្ហាញថា បានឈានដល់ការពិភាក្សាកិច្ចព្រព្រៀងមួយជាមួយក្លិប Al Rayyan ដែលអាចចេញពី Everton នាពេលឆាប់ៗនេះ។

James ជាអតីតខ្សែបម្រើក្លិប Real Madrid ត្រូវបានគេប្រទះឃើញនៅអាកាសយានដ្ឋាន Manchester Airport កាលពីថ្ងៃអាទិត្យ ដែលត្រូវបានគេរាយការណ៍ថា ចេញទៅប្រទេសកាតា ខណៈមិនទាន់មានរបាយការណ៍ណាបង្ហាញអំពីកិច្ចព្រមព្រៀងរវាង Everton ជាមួយ Al Rayyan នោះទេ ប៉ុន្តែខ្សែបម្រើកូឡុំប៊ីខាងលើនេះអាចចេញពីក្លិបរហស្សនាម ស្ករគ្រាប់ ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្លិបនៃលីគកាតា។

បុរសសញ្ជាតិកូឡុំប៊ី វ័យ ៣០ឆ្នាំ James ក៏មានការចាប់អារម្មណ៍ពីសំណាក់ក្លិបលីគអ៉ីតាលី (Serie A), ក្លិបលីគតួកគី និងព័រទុយហ្គាល់ តែមិនមាននរណាមួយអាចបំពេញនៃតម្លៃប្រាក់ឈ្នួលចំពោះ James បាននោះទេ នៅពេលដែលប្រភពពីគេហទំព័រកីឡា BBC បានឲ្យដឹងថា ក្លិប Everton បានចំណាយប្រាក់ឈ្នួល ២៧ម៉ឺនដុល្លារក្នុង ១សប្តាហ៍សម្រាប់ James នៅពេលកិច្ចព្រមព្រៀងអាចទៅរួចមែននោះ ក្លិបក៏អាចធូរស្បើយផ្នែកហិរញ្ញវត្ថុខ្លះផងដែរ។

James មិនទាន់ដាក់ស្នាមទឹកប៊ិចលើក្រដាលកិច្ចព្រមព្រៀងនោះទេ ជាមួយក្លិប Al Rayyan ក៏ប៉ុន្តែភាគីទាំងបីអាចនឹងសម្រេចនៅលទ្ធផលណាមួយជាផ្លូវការនាពេលខាងមុខនេះ បន្ទាប់ពីមិនទាន់ច្បាស់លាស់លើកិច្ចសហការជាមួយអ្នកចាត់ការ លោក Rafael Benitez ដែលមកជំនួសលោក Carlo Ancelotti៕