(អាមេរិក)៖ កំពូលមហាសេដ្ឋីលំដាប់កំពូលនៅលើពិភពលោក លោក Jeff Bezos បានប្រកាសផ្ដល់ជំនួយឥតសំណងក្នុងទឹកប្រាក់ ១ពាន់លាន ដុល្លារអាមេរិកសម្រាប់ទប់ស្កាត់ និងដោះស្រាយវិបត្តិបម្រែបម្រួលអាកាសដែលកំពុងកើតមានឡើងនៅជុំវិញពិភពលោក។ នេះបើយោងតាមការ ចេញ ផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

នៅដើមសប្ដាហ៍នេះ លោក Jeff Bezos បានប្រកាសផ្ដល់ជំនួយ ១ពាន់លានដុល្លារតាមរយៈមូលនិធិ Bezos Earth Fund ដល់អ្នកវិទ្យាសាស្ត្រ ក្រុមសកម្មជន និងអង្គការផ្សេងៗដែលបានចូលរួមនៅក្នុងយុទ្ធនាការទប់ស្កាត់ និងដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ។ មេធំរបស់ក្រុមហ៊ុន លក់ទំនិញយក្ស Amazon រូបនេះបានប្រកាសកាលពីឆ្នាំ២០២០ថា លោកនឹងចំណាយ ១០ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០៣០ ដើម្បីចូលរួម ចំណែកទប់ស្កាត់ការបម្រែបម្រួលកាអាកាសធាតុ ហើយសម្រាប់នៅក្នុងឆ្នាំនេះគឺលោកនឹងចំណាយ ១ពាន់លានដុល្លារ។

ទឹកប្រាក់ ១ពាន់លានដុល្លារអាមេរិកនេះផងដែរ មូលនិធិ Bezos Earth Fund នឹងយកទៅប្រើនៅតំបន់ ដែលជាកន្លែងសំខាន់ៗមុន ដូចជា នៅ អាហ្វ្រិកកណ្ដាល, មហាសមុទ្រប៉ាស៊ីហ្វិក តំបន់ត្រូពិច និងតំបន់មួយចំនួនទៀតដែលសម្បូរដោយជីវចម្រុះ។

លោក Jeff Bezos បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ធម្មជាតិនៃពិភពលោកសព្វថ្ងៃ មិនស្រស់ស្អាត ល្អបរិសុទ្ធដូចកាលពី ៥០០ឆ្នាំមុនទេ។ យើងរាល់ថ្ងៃបានចូលរួមសប្បាយ និងរីករាយនូវអ្វីដែលជាអវិជ្ជមាន ព្រៃគ្មានឈើ ទន្លេមានទឹកមិនស្អាត អាកាសធាតុមិនបរិសុទ្ធ ខណៈដែលបច្ចុប្បន្ននេះគឺកំពុងហោះថា យុគសម័យមុនឧស្សាហកម្ម។ យើងត្រូវតែធ្វើការផ្លាស់ប្ដូរនូវភាពមិនប្រក្រតីនេះ»

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន មូលនិធិ Bezos Earth Fund របស់លោក Jeff Bezos បានផ្ដល់ជំនួយបរ្មាណ ៧៩១លានដុល្លារអាមេរិក ដល់ អង្គការ ចំនួន ១៦ ដោយក្នុងនោះរួមមានមូលនិធិសត្វព្រៃ (WWF), ក្រុមប្រឹក្សាការពារធនធានធម្មជាតិ និងអភិរក្សធម្មជាតិ៕