(ភ្នំពេញ)៖ ក្រោយសម្រេចពន្យារពេលការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ពីចុងឆ្នាំ២០២១ ទៅខែមេសា ឬខែឧសភា ឆ្នាំ២០២២ មកទល់ពេលនេះ ម្ចាស់ផ្ទះវៀតណាមនៅមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់ ដើម្បីរៀបចំនោះទេ។ ការណ៍នេះ បានធ្វើឲ្យក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងបណ្ដាប្រទេសសមាជិកមិនអាចរង់ចាំទៀតបាន ហើយសម្រេចផ្ដល់ឱសានវាទដល់វៀតណាម ដើម្បីធ្វើការសម្រេចចុងក្រោយថា ធ្វើ ឬមិនធ្វើនៅខែតុលាខាងមុខ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងនៅថ្ងៃអង្គារនេះថា កាលពីថ្ងៃទី១៧ ខែកញ្ញាកន្លងទៅ គណៈអចិន្ដ្រៃយ៍របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ប្រទេសជាម្ចាស់ផ្ទះស៊ីហ្គេម ប៉ុន្ដែភាគីវៀតណាម នៅមិនទាន់ប្រកាសផ្លូវការអំពីកាលបរិច្ឆេទច្បាស់លាស់ក្នុងការរៀបចំស៊ីហ្គេម លើកទី៣១ របស់ខ្លួននោះទេ ដោយនៅតែរង់ចាំរដ្ឋាភិបាលនៅឡើយ។

លោកបន្ដថា «ដូច្នេះគណៈកម្មការអចិន្ដ្រៃយ៍របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បានផ្ដល់លទ្ធភាពឲ្យវៀតណាមនៅខែតុលា ពេលដែលប្រជុំគណៈអចិន្ដ្រៃយ៍ម្ដងទៀត នឹងត្រូវសម្រេចឲ្យបានថា វៀតណាម ធ្វើនៅពេលណា? បើវៀតណាមមិនសម្រេចទេ គឺថា នឹងមានការសម្រេចចិត្តក្នុងប្រទេសអាស៊ានទាំងអស់ថា នឹងមានការលុបចោល ឬក៏ផ្អាកការធ្វើជាម្ចាស់ផ្ទះរបស់វៀតណាម ឆ្នាំ២០២១ ដែលពន្យារពេលទៅឆ្នាំ២០២២ ហើយផ្ទេរភាពជាប្រធានមកឲ្យកម្ពុជាតែម្ដង បន្ទាប់ពីមានការសម្រេចណាមួយនាខែតុលាខាងមុខ»

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលថា ការដាក់ឱសានវាទពីសំណាក់គណៈអចិន្ដ្រៃយ៍របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ខាងលើ បន្ទាប់ពីតំណាងរបស់ភាគីវៀតណាម នៅតែស្ទាក់ស្ទើរក្នុងការរៀបចំស៊ីហ្គេម លើកទី៣១ កាលណានៅតែស្ទាក់ស្ទើរម្ដងជាពីរដងជាបីដងបែបនេះ បណ្ដាប្រទេសទាំងអស់ នឹងមានការសម្រេចនៅក្នុងខែក្រោយនេះហើយ ដើម្បីផ្ដល់លទ្ធភាពឲ្យម្ចាស់ផ្ទះបន្ដវេណបានដំណើរការស្រួល និងស្របតាមកម្មវិធី ពិសេសប្រទេសកម្ពុជា ដែលនឹងត្រូវទទួលរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោកសង្កត់ធ្ងន់ថា «ខែក្រោយនេះ វៀតណាមត្រូវសម្រេចចុងក្រោយ បើវៀតណាមស្ទាក់ស្ទើរ ឬក៏មិនបានសម្រេចថា ធ្វើ ឬក៏មិនធ្វើទេ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងសមាជិកទាំងអស់ គេបាននិយាយក្នុងអង្គប្រជុំកាលពីចុងសប្ដាហ៍មុនហើយថា នៅពេលដែលមិនឃើញភាពច្បាស់លាស់របស់វៀតណាម គេនឹងសម្រេចឲ្យវៀតណាម ផ្ទេរទង់ (ទង់ស៊ីហ្គេម) មកឲ្យកម្ពុជាធ្វើជាប្រធានតែម្ដង។ គេនឹងសម្រេចក្នុងអង្គប្រជុំនាខែក្រោយតែម្ដង គេលែងមានការរង់ចាំទៀតហើយ ដោយសារអស់ពេលវេលាដែលត្រូវដល់វេណម្ចាស់ផ្ទះថ្មី»

លោក វ៉ាត់ ចំរើន បន្ថែមថា ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះបន្ដវេណ គឺត្រូវការចាំបាច់នូវការផ្ទេរសិទ្ធិជាប្រធាន ដើម្បីចៀសវាងការរាំងស្ទះនូវដំណើរការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣។ ប៉ុន្ដែយ៉ាងណាក្នុងនាមសមាជិកអាស៊ាន នឹងមានត្រូវការសម្របសម្រួលគ្នាដោយសន្ដិវិធី ព្រោះក្នុងអាស៊ានមានសាមគ្គីភាព និងមានឯកភាពផ្ទៃក្នុងល្អណាស់។ ដូច្នេះគេនឹងនិយាយគ្នាតាមសម្រួល ផ្ដល់យោបល់ឲ្យគ្នា ដើម្បីរកដំណោះស្រាយមួយដ៏ល្អ តែក៏ត្រូវគោរពទៅតាមច្បាប់ និងធម្មនុញ្ញរបស់ស៊ីហ្គេមផងដែរ។

គួរដឹងថា ដំបូងឡើយ ស៊ីហ្គេម លើកទី៣១ នៅវៀតណាម គ្រោងប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ប៉ុន្ដែដោយសារវិបត្តិកូវីដ-១៩ វៀតណាម បានស្នើរលើកពេល ដោយរដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះនេះ បានសម្រេចយកសេណារីយ៉ូទី២ គឺការពន្យារពេលទៅរៀបចំនៅខែមេសា ឬខែឧសភា ឆ្នាំ២០២២។ ប៉ុន្ដែរហូតមកទល់ពេលនេះ វៀតណាមនៅមិនទាន់កំណត់កាលបរិច្ឆេទប្រកួតច្បាស់លាស់ឡើយ ទើបធ្វើឲ្យក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងបណ្ដាប្រទេសសមាជិកមិនអាចរង់ចាំទៀតបាន៕