(ប៉ារីស)៖ សហព័ន្ធបាល់ទាត់ពិភពលោក FIFA (Federation Internationale de Football Association) បានកោះអញ្ជើញមន្ត្រីសហព័ន្ធបាល់ទាត់ទាំងអស់ ដើម្បីមកពិភាក្សាតាមប្រព័ន្ធអនឡាញ (Online) នៃកិច្ចប្រជុំអំពីពេលវេលាប្រកួតអន្តរជាតិ World Cup ដែលគ្រោងជំរុញឲ្យមានការរៀបចំ ២ឆ្នាំម្តងជំនួស ៤ឆ្នាំម្តងដែលកិច្ចពិភាក្សានេះគ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ប្រភពពី CNA បានឲ្យដឹងថា ស្ថាប័នគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA មានគម្រោងពិគ្រោះយោបល់ថ្មីជាមួយបញ្ហាពេលវេលានៃការប្រកួតកម្រិតពិភពលោកទាំងផ្នែកស្រ្តី និងបុរស ដែលនឹងផុតកំណត់នៅឆ្នាំ២០២៣ និង២០២៤ ខណៈ FIFA បានឲ្យដឹងកាលពីថ្ងៃទី២០ ខែកញ្ញាថា មានយោបល់ជាច្រើនដែលយល់ស្របក្នុងការកែសម្រួលនៃពេលវេលាការប្រកួតដើម្បីឲ្យប្រសើរឡេីង។

នេះជាកិច្ចប្រជុំដំបូងមួយដើម្បីពិភាក្សារកដំណោះស្រាយនៃបញ្ហាខាងលើនេះក្នុងកម្រិតពិភពលោក និងតំបន់ ដែលនឹងចូលមកដល់នៅប៉ុន្មានខែខាងមុខនេះ គ្រាដែលសំណើនៃការប្រកួតបាល់ទាត់ពិភពលោក ២ឆ្នាំម្តងនេះ បានកើតឡើងបន្ទាប់ពីអតីតគ្រូ Arsenal លោក Arsene Wenger បានលើកឡើងកាលពីពេលកន្លងទៅដែលបច្ចុប្បន្នលោកជាប្រធានអភិវឌ្ឍន៍បាល់ទាត់នៅស្ថាប័ន FIFA។

គំនិតនេះអាចនឹងមានការប្រកួតអន្តរជាតិនៅចន្លោះឆ្នាំ២០២៥-២០២៦ ដែលឆ្លាស់គ្នារវាងការប្រកួត World Cup និងកម្រិតតំបន់ដូចជាពាន European Championship និងពាន Copa America គ្រាដែលប្រធានស្ថាបន័បាល់ទាត់អឺរ៉ុប លោក Aleksander Ceferin មិនទទួលស្គាល់គម្រោងនេះ ហើយបានប្រាប់ទៅក្រុមជម្រើសជាតិតំបន់អឺរ៉ុបមិនឲ្យចូលរួមនៃ World Cup ២ឆ្នាំម្តងនេះ នៅពេលដែលសហព័ន្ធអាមេរិកខាងត្បូងបានលើកឡើងថា «គម្រោងនេះមិនមានសេចក្តីសុចរិតកីឡាទេ»

ក្នុងនោះប្រធាន FIFA លោក Gianni Infantino បានលើកឡើថា ការសម្រេចរៀបចំប្រកួត ២ឆ្នាំម្តងនេះនឹងធ្វើឡើងនៅចុងឆ្នាំនេះ ខណៈដែលលទ្ធផលនៃការស្ទង់មតិនាពេលកន្លងមកមានការខុសគ្នាច្រើន គ្រាដែល FIFPro ក៏លើកឡើងចំពោះបញ្ហានេះនិងមានផលប៉ះពាល់ទៅលើកីឡាករ បើមិនការកែសម្រួលទម្រង់ណាមួយ៕