(ភ្នំពេញ)៖ ពិធីចាប់ឆ្នោតបែងចែកពូលប្រកួតពានរង្វាន់ AFF Suzuki Cup 2020 បានបញ្ចប់ហើយ ដោយកម្ពុជាស្ថិតក្នុងពូល B ជាមួយវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ។

កម្មវិធីចាប់ឆ្នោតនេះបានធ្វើឡើងនៅប្រទេសសិង្ហបុរី ក្រោមវត្ដមានលោក ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ រីឯលទ្ធផលពូល A រួមមានថៃ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងប្រ៊ុយណេ ឬទីម័រខាងកើត ដែលត្រូវលេងវគ្គជម្រុះ ដើម្បីដណ្ដើមកៅអីវគ្គចែកពូលនេះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំតំបន់នេះ គ្រោងប្រកួតពីថ្ងៃទី០៥ ខែធ្នូ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ ប៉ុន្ដែមកទល់ពេលនេះ AFF នឹងមិនទាន់សម្រេចផ្ដល់សិទ្ធិឲ្យប្រទេសណានោះទេ ខណៈមានបេក្ខភាពដល់ ៦ប្រទេស ដែលបានដាក់ពាក្យដេញថ្លៃ ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ។ រីឯ ៥ប្រទេសទៀត មានថៃ សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និងឡាវ។ តាមការគ្រោងទុក AFF នឹងធ្វើការប្រជុំសម្រេចពីប្រទេសធ្វើម្ចាស់ផ្ទះនេះ នាសប្ដាហ៍ក្រោយ។

គួរដឹងថា កម្ពុជាបានដាក់ពាក្យស្នើធ្វើម្ចាស់ផ្ទះពានរង្វាន់ AFF Suzuki Cup 2020 ដោយទទួលបានការគាំទ្រពេញទំហឹងពីថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសម្ដេចបានជំរុញឲ្យលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើការដេញថ្លៃការប្រកួតអន្ដរជាតិ មករៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងពិធីប្រគល់-ទទួលសមិទ្ធផលដ៏អស្ចារ្យនេះ កាលពីថ្មីៗទៀតផង។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ការស្នើដេញថ្លៃធ្វើម្ចាស់ផ្ទះពានរង្វាន់ AFF Suzuki Cup 2020 នេះ ផ្អែកលើហេតុផលសំខាន់ៗមួយចំនួន ទី១-ដើម្បីអបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ដ្រ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ទៅកាន់ឆាកអន្ដរជាតិ ទី២-ដើម្បីផ្ដល់នូវចំណីចក្ខុដល់ប្រជាពលរដ្ឋក្នុងបរិបទកូវីដ-១៩ ពិសេសបញ្ជាក់ពីការប្រយុទ្ធប្រឆាំងជំងឺនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងទី៣-ដើម្បីជាការសាកល្បង និងពង្រឹងសមត្ថភាពកីឡាករត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាមផង និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផង៕