(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគម និងជាការចូលរួមសម្រួលការលំបាករបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនជីហ្គៀ គ្រុប (GGear Group) បានរៀបចំបើកយុទ្ធនាការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់បុគ្គលិកជួរមុខរបស់ខ្លួនចំនួន ៦៩៩នាក់។

ដែលការធ្វើតេស្តនេះប្រព្រឹត្តទៅចំនួន២លើក ដែលលើកទី១ ចាប់នៅថ្ងៃទី១ ដល់ថ្ងៃទី០៤ និងលើកទី២ នៅថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដោយយោងតាម សារាចររបស់រាជរដ្ឋាភិបាលលេខ ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្ដីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នូវជំងឺកូវីដ-១៩។
ជាលទ្ធផលសរុបចុងក្រោយនៃការធ្វើតេស្តបុគ្គលិកទាំងអស់ រកឃើញបុគ្គលិកចំនួន ១០នាក់ មានលទ្ធផលវិជ្ជមានកូវីដ-១៩ ដោយបុគ្គលិកទាំងនោះមិនបាន ចាប់អារម្មណ៍ថា ខ្លួនមានផ្ទុកមេរោគកូវីដ-១៩នោះទេ ដោយពុំមានរោគសញ្ញាណាមួយគួរឱ្យកត់សំគាល់ ហើយក៏ពុំបានដឹងថា មានទំនាក់ទំនងដោយផ្ទាស់ ជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩ ដែរ។

បច្ចុប្បន្នបុគ្គលិកទាំង ១០នាក់នោះ បានកំពុងសំរាកព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ហើយមានសុខភាពធម្មតា មិនមានចេញរោគសញ្ញាណាគួរឱ្យចាប់ អារម្មណ៍ឡើយ។ ដោយឡែកចំពោះអ្នកដែលពាក់ព័ន្ធដោយផ្ទាស់ ជាមួយអ្នកដែលមានផ្ទុកវិជ្ជមានកូវីដ-១៩ខាងលើនេះ តម្រូវឱ្យធ្វើចត្តាឡីស័កនៅទីតាំងដែលក្រុមហ៊ុន បានរៀបចំ និងឱ្យអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវិត្ថភាព តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា គោលបំណងនៃការធ្វើយុទ្ធនាការនេះគឺដើម្បី បង្ការ ការពារ និងចូលរួមទប់ស្កាត់ ក៏ដូចជាការកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្រុមហ៊ុន និងសហគមន៍ផងដែរ។ ក្រុមហ៊ុន ជីហ្គៀ គ្រុប នឹងបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធ និងដោយប្រកាន់ភ្ជាប់នូវវិធានការគន្លឹះ៣កុំ ៣ ការពារ៕